(បរទេស)៖ លោក Enzo Maresca អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea បានថ្លែងថា វាគ្មានការសង្ស័យអ្វីឡើយចំពោះខ្សែប្រយុទ្ធ Liam Delap គឺជាម្ចាស់លេខ៩ ក្នុងក្រុមជម្រើសជាតិអង់គ្លេសនាពេលអនាគត។

កីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ ធ្លាប់ជាអតីតកូនក្រុមរបស់លោក Maresca ដែលបានរួមចំណែកជួយ U-23 Manchester City ឈ្នះជើងឯកលីគកាលឆ្នាំ២០២១។

លោកថា «Delap គឺជាអនាគតម្ចាស់លេខ៩ របស់អង់គ្លេស» ខណៈបច្ចុប្បន្នលេខនេះ ត្រូវបានពាក់ដោយប្រធាក្រុម Harry Kane»។

លោក Maresca បានបន្តថា «បច្ចុប្បន្ន Delap គឺជាកីឡាកររបស់ Chelsea។ ខ្ញុំនៅតែនិយាយដដែល និងមិនមានការសង្ស័យឡើយ ថាគាត់នឹងធ្វើបានសម្រាប់តំណែងលេខ៩ របស់អង់គ្លេសទៅថ្ងៃអនាគត។ ពួកយើងបានឈ្នះពានជាមួយ Man City ដោយ Delap រកបាន ២៤គ្រាប់ឯណោះ»

បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេង Delap បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៣០លានផោន ដោយផ្ទេរពីក្លិប Ipswich Town កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៥ ដែលជាអតីតកូនសិស្សសំណព្វរបស់លោក Maresca កាលនៅដឹកនាំឈុតយុវជន Man City។

Delap បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំលេងនៅ Stamford Bridge ដែលត្រៀមរួមចំណែកជួយ Chelsea ប្រកួតទល់នឹងម្ចាស់ផ្ទះ Los Angeles FC ពី ១ប្រកួតបើកឆាករបស់ពួកគេនៅព្រឹតិ្តការណ៍ FIFA Club World Cup 2025 នារាត្រីថ្ងៃចន្ទ ទី១៦ ខែមិថុនានេះនៅសហរដ្ឋអាមេរិក៕