(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានប្រកាសពីការវិនិយោគដ៏ធំសម្បើមចំនួន ២០ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១២,៩៧ ពាន់លានដុល្លារ) ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅប្រទេសអូស្ត្រាលី ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩។ ការបោះទុននេះមានគោលបំណងចម្បងក្នុងការគាំទ្រសមត្ថភាព បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងសមត្ថភាពម៉ាស៊ីនមេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវិនិយោគនេះ គឺជាការប្ដេជ្ញាចិត្តផ្នែកបច្ចេកវិទ្យាជាសកលដ៏ធំបំផុតរបស់ Amazon នៅប្រទេសអូស្ត្រាលី ដោយមូលនិធិនេះនឹងត្រូវបែងចែកសម្រាប់សមត្ថភាពម៉ាស៊ីនមេ (server) ថ្មី និងការគាំទ្របន្ទុកការងារ AI។ ក្រុមហ៊ុននេះក៏កំពុងវិនិយោគលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យថ្មីចំនួន ៣ នៅក្នុងរដ្ឋ Victoria និង Queensland ផងដែល ហើយនឹងទិញថាមពលសរុបជាង ១៧០ មេហ្គាវ៉ាត់ពីកសិដ្ឋានទាំងបីនេះ។
លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Amazon។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ការបោះទុន ២០ ពាន់លានដុល្លារអូស្ត្រាលី របស់ Amazon Web Services លើមជ្ឈមណ្ឌលទិន្នន័យនៅអូស្ត្រាលី នឹងជួយរៀបចំប្រទេសសម្រាប់អនាគត» ហើយវានឹង ជំរុញសេដ្ឋកិច្ច និងបង្កើនផលិតភាព។ លោក Albanese ក៏បានសង្កត់ធ្ងន់ថា នេះគឺជា សញ្ញានៃទំនុកចិត្តដ៏ធំ ទៅលើសេដ្ឋកិច្ចអូស្ត្រាលី។ ការវិនិយោគដ៏ធំនេះកើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក កំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីគាំទ្រតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ AI និង Cloud Computing។ ក្រុមហ៊ុនយក្សដូចជា Amazon, Microsoft និង Google កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាដើម្បីពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ ដើម្បីធានាចំណែកទីផ្សារ និងបំពេញតាមតម្រូវការការងារ AI នាពេលអនាគត។
គួររំលឹកផងដែរថា កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Amazon ក៏បានប្រកាសផែនការវិនិយោគយ៉ាងតិច ២០ ពាន់លានដុល្លារនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន បន្ថែមលើទឹកប្រាក់រាប់ពាន់លានដុល្លារដែលក្រុមហ៊ុនបានប្តេជ្ញាចំពោះការពង្រីក AI។ នៅដើមខែមិថុនា ក្រុមហ៊ុននេះក៏បានប្រកាសវិនិយោគ ១០ ពាន់លានដុល្លារនៅរដ្ឋ North Carolina និងផែនការវិនិយោគជាង ៥ ពាន់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud ថ្មីរបស់ខ្លួននៅតៃវ៉ាន់ផងដែរ។ ការវិនិយោគជាបន្តបន្ទាប់ទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ Amazon ក្នុងការត្រៀមខ្លួនសម្រាប់យុគសម័យ AI ដែលកំពុងលេចធ្លោ៕