(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង ៤៖០០រសៀលរហូតដល់ម៉ោង ១១៖០០នាទីយប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ នឹងធ្វើឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរGAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក ដើម្បីចុះកុងត្រានាំយកកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មកសម្ដែងនៅខ្មែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដោយនាំយកតារាដ៏ល្បីរបស់កូរ៉េខាងត្បូង ចំនួន៤ រដូវកាលមកហើយ ដោយនៅរដូវកាលទី១ បាននាំយកលោក Rain និងកញ្ញា HyunA, រដូវកាលទី២ បាននាំយកលោក PSY, រដូវកាលទី៣ បាននាំយក K-Pop IDOL ដល់ទៅ៣ រូបគឺ លោក DK លោក JU-NE និង កញ្ញាHyunA ហើយរដូវកាលទី៤ បាននាំយកលោក TAEYANG និងរដូវកាលទី៥ នេះគឺនាំយក 2NE1 ទាំងក្រុមតែម្ដង៕