(បរទេស)៖ ក្រុមរបស់អង់គ្លេស តោខៀវ Chelsea យកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកប្រកួតពាន FIFA Club World Cup 2025 របស់ពួកគេ ក្រោយយកឈ្នះ Los Angeles FC របស់សហរដ្ឋអាមេរិក ២-០ នៅចំពោះមុខអ្នកទស្សនាផ្ទាល់តែជាង ២ម៉ឹននាក់ប៉ុណ្ណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអាហ្សង់ទីន Enzo Fernandez ជាអ្នករកបានគ្រាប់ទី២ ពីការរួមចំណែកបញ្ជូនបាល់ពីសមាជិកថ្មី Liam Delap បន្ទាប់ពីមិត្តរួមក្រុម Pedro Neto ជាអ្នករកបានគ្រាប់បែកពងមាន មុនពេលបញ្ចប់វគ្គទី១ ពីការប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល D វគ្គចែកពូល ៣២ក្រុម។
ជាការកត់សម្គាល់ ក្នុងជំនួបធំនេះដែរនៅសល់កៅអីទំនេរប្រមាណជិត ៥០,០០០កៅអីឯណោះ ស្របពេលទំហំផ្ទុកសរុបក្នុងកីឡដ្ឋាន Mercedes-Benz ស្ថិតក្នុងរដ្ឋ Atlanta មានដល់ទៅ ៧១,០០០នាក់។ ជាមួយគ្នានេះ ក្រុមមកពីលីគប្រេស៊ីល Flamengo ឡើងឈរនាំមុខកំពូលតារាង បន្ទាប់ពីយកឈ្នះក្រុម Esperance de Tunis ២-០ ពីមួយប្រកួតដំបូងដូចគ្នានេះលេងនៅកីឡដ្ឋាន Lincoln Financial field ។
វាជាកង្វល់មួយផងដែរ ចំពោះវត្តមានអ្នកចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាននៅ Atlanta ដ្បិតទីតាំងនេះ នៅមិនដល់រយៈពេល ១ឆ្នាំទៀតទេ នឹងត្រូវរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។ កន្លងមកទីនេះ មានទស្សនាផ្ទាល់រហូតដល់ជាង ៧ម៉ឺននាក់កាលជំនួបមិត្តភាពរវាង Chelsea និង Newcastle United កាល ២ឆ្នាំកន្លងទៅ៕