(បរទេស)៖ ក្មេងប្រុស Sirish Subash ដែលមានវ័យត្រឹមតែ ១៤ឆ្នាំ ត្រូវបានគេស្គាល់ថាជា «អ្នកវិទ្យាសាស្ត្រវ័យក្មេងដ៏ឆ្នើមបំផុត» នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបង្កើតឧបករណ៍បដិវត្តន៍មួយឈ្មោះថា PestiSCAND។ ឧបករណ៍ចល័តនេះ ប្រើប្រាស់បច្ចេកវិទ្យាពន្លឺ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់នៅលើបន្លែ និងផ្លែឈើ។
ការបង្កើត PestiSCAND របស់ Sirish បានកើតឡើងដោយសារការចង់ដឹងចង់ឃើញរបស់លោកថា តើការលាងសម្អាតបន្លែផ្លែឈើពិតជាមានប្រសិទ្ធភាពកម្រិតណា ក្នុងការកម្ចាត់ថ្នាំបាញ់។ បន្ទាប់ពីបានដឹងថា ប្រហែល ៧០% នៃផលិតផលកសិកម្មមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត ដែលអាចបង្កជាបញ្ហាសុខភាពដូចជាមហារីក និងជំងឺ Alzheimer លោកក៏បានសម្រេចចិត្តបង្កើតដំណោះស្រាយផ្ទាល់ខ្លួន។
PestiSCAND ដំណើរការដោយវាស់ស្ទង់ពន្លឺដែលឆ្លុះបញ្ចាំងពីផ្ទៃបន្លែ និងផ្លែឈើ។ បន្ទាប់មក ម៉ូដែល AI នឹងវិភាគរលកពន្លឺទាំងនោះ ដើម្បីកំណត់វត្តមានរបស់ថ្នាំសម្លាប់សត្វល្អិត។ ឧបករណ៍នេះមានឧបករណ៍ចាប់សញ្ញា ផ្គត់ផ្គង់ថាមពល អេក្រង់បង្ហាញ និងខួរក្បាលដំណើរការ។ ក្នុងអំឡុងពេលធ្វើតេស្ត PestiSCAND បានបង្ហាញពីភាពត្រឹមត្រូវខ្ពស់ជាង ៨៥% ក្នុងការកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតលើស្ពៃក្តោប និងប៉េងប៉ោះ។
Sirish Subash ដែលជាសិស្សថ្នាក់ទី ៩ នៅសាលា Gwinnett School of Mathematics, Science, and Technology ក្នុងរដ្ឋ Georgia បានទទួលជ័យលាភីកំពូលក្នុងការប្រកួត «2024 3M Young Scientist Challenge» ។ ជាលទ្ធផល លោកបានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ២៥,០០០ ដុល្លារអាមេរិក (ប្រហែលជាង ១០ ម៉ឺនលានរៀល) និងទទួលបានងារជា «អ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើមបំផុតនៅអាមេរិក»។
លោកបានចំណាយពេលជិត ១១ ខែក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនេះ ដោយមានការណែនាំពីអ្នកវិទ្យាសាស្ត្រ 3M ម្នាក់ឈ្មោះ Aditya Banerji។ Sirish មានបំណងចង់ដាក់លក់ឧបករណ៍ PestiSCAND នេះជាសាធារណៈក្នុងតម្លៃមួយប្រមាណជា ២០ដុល្លារអាមេរិក (ប្រហែល ៨០,០០០ រៀល) ដើម្បីធ្វើឲ្យសុវត្ថិភាពចំណីអាហារមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ លោកក៏មានផែនការបន្តកែលម្អឧបករណ៍នេះឲ្យអាចរកឃើញថ្នាំសម្លាប់សត្វល្អិតរាប់រយប្រភេទ និងវាស់កម្រិតសំណល់ដែលនៅសេសសល់ក្រោយពេលលាងសម្អាតផងដែរ។
ជ័យជម្នះរបស់ Sirish Subash បានបង្ហាញពីសក្តានុពលដ៏ធំធេងរបស់យុវជនក្នុងការដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គមតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕