(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើត ChatGPT ថ្មីៗនេះទទួលលបានកិច្ចសន្យាដែលមានតម្លៃប្រមាណ ២០០ លានដុល្លារ ដើម្បីផ្តល់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដល់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៅថ្ងៃចន្ទដើមសប្តាហ៍ និងត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

មន្ទីរបញ្ចកោណ បាននិយាយថា៖ «ក្រោមការផ្តល់រង្វាន់នេះ អ្នកអនុវត្តនឹងបង្កើតសមត្ថភាព AI គំរូដើម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខជាតិដ៏សំខាន់ ទាំងនៅក្នុងវិស័យសង្រ្គាម និងសហគ្រាស»។ ការងារនេះនឹងត្រូវអនុវត្តជាចម្បងនៅក្នុង និងជិតទីក្រុងវ៉ាស៊ីនតោន ដោយរំពឹងថានឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២៦។

កិច្ចសន្យារយៈពេលមួយឆ្នាំនេះ គឺជាការជំរុញចុងក្រោយបង្អស់របស់ក្រុមហ៊ុន OpenAI ក្នុងការលក់បច្ចេកវិទ្យារបស់ខ្លួនទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះប្លុកមួយនៅថ្ងៃច័ន្ទ ក្រុមហ៊ុន OpenAI បាននិយាយថាកិច្ចសន្យានេះ គឺជាគម្រោងដំបូងរបស់ខ្លួនក្រោមអង្គភាពថ្មីមួយដែលខ្លួនហៅថា «OpenAI for Government»។ ក្នុងក្របខណ្ឌនៃកិច្ចសន្យានេះ OpenAI នឹងធ្វើការជាមួយក្រសួងការពារជាតិ ដើម្បីស្វែងរកមធ្យោបាយដែល AI អាចជួយក្នុងកិច្ចការរដ្ឋបាល ដូចជាការទទួលបានការថែទាំសុខភាពសម្រាប់សមាជិកយោធាអាមេរិក និងការជួយទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតជាដើម។

គួរជម្រាបថា កាលពីសប្តាហ៍មុន OpenAI បាននិយាយថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនបានកើនឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមិថុនា ដែលបង្ហាញពីជំហររបស់ក្រុមហ៊ុនក្នុងការសម្រេចបានគោលដៅពេញមួយឆ្នាំរបស់ខ្លួនចំពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ AI ។ កាលពីខែមីនា OpenAI បាននិយាយថា ខ្លួននឹងរៃអង្គាសប្រាក់បាន ៤០ ពាន់លានដុល្លារអាមេរិកនៅក្នុងការរៃអង្គាសប្រាក់ជុំថ្មីដែលដឹកនាំដោយ SoftBank Group ក្នុងតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក។ គិតត្រឹមចុងខែមីនា OpenAI មានអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ចំនួន ៥០០ លាននាក់៕