(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំកែសម្រួលគណៈកម្មការចាប់គូ ក៏ដូចជាលក្ខខណ្ឌចាប់គូប្រកួតឡើងវិញ ដើម្បីធានាតម្លាភាពដល់បណ្ដាក្លិប កីឡាករ-កីឡាការិនី និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងគោលបំណងរួមដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន ប្រកបដោយឧត្ដមភាព និងយូរអង្វែង។
នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការងារ ដឹកនាំគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានីយ៍ទូរទស្សន៍ដៃគូអភិវឌ្ឍន៍ ម្ចាស់សង្វៀនគុនខ្មែរ ព្រមទាំងមន្ដ្រីដឹកនាំការប្រកួត អាជ្ញាកណ្ដាល-ចៅក្រមផងដែរ។
ប្រធានសហព័ន្ធដដែលបន្ដថា កន្លងមក មានកិច្ចការខ្លះ មិនទាន់មានភាពស៊ីចង្វាក់គ្នា និងយល់ពីគ្នាបានស៊ីជម្រៅ ហេតុនេះ ទើបសហព័ន្ធរៀបចំកិច្ចប្រជុំខាងលើ ដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបានយល់ពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រដាល់គុនខ្មែរ ដ្បិតគ្រប់ភាគីពាក់ព័ន្ធ សុទ្ធតែជាផ្នែកដ៏សំខាន់ ដើម្បីអភិវឌ្ឍវិស័យកីឡាអត្តសញ្ញាណជាតិនេះឲ្យរីកចម្រើន។
ទន្ទឹមជាមួយគ្នា លោក ខូវ ឆាយ បានគូសបញ្ជាក់អំពីដំណើរការរៀបចំគណៈកម្មការចាប់គូឡើងវិញ ដើម្បីជំរុញភាពត្រឹមត្រូវនៃការចាប់គូ ដោយអនុវត្តតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ បន្ទាប់ពីកន្លងមកមានបញ្ហាចាប់គូស្ទួនគ្នា កីឡាករម្នាក់ចាប់គូ ២ ទៅ ៣សង្វៀន កីឡាករខ្លះចាប់គូប្រកួតជាប់សប្ដាហ៍ ក៏ដូចជាការចាប់គូប្រកួតកីឡាស្ទើរមួយក្លិប ក្នុងកម្មវិធីតែមួយជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់កម្មវិធីប្រកួត រហូតមានការិះគន់ទៀតផង។
លោកបន្ដថា «ដើម្បីឲ្យការចាប់គូអនុវត្តទៅបានល្អ និងត្រឹមត្រូវ ទាល់តែសហព័ន្ធធ្វើការជាមួយស្ថានីយ៍ដៃគូអភិវឌ្ឍន៍ឲ្យបានស្អិតរមួត បានន័យថា សហព័ន្ធនឹងចាត់តំណាងសហព័ន្ធ ១រូប ក្នុងការធ្វើការជាមួយស្ថានីយ៍មួយ ដើម្បីសម្រេចនូវការចាប់គូឲ្យត្រូវតាមគោលការណ៍របស់សហព័ន្ធ ហើយយើងបានចេញនូវលក្ខខណ្ឌមួយចំនួនដែរ ដូចជា៖លក្ខខណ្ឌទាក់ទងទៅនឹងការចាប់គូកម្មវិធីមួយ មិនឲ្យមានកីឡាករមកពីក្លិបតែមួយលើសពី ៣គូ ឬលក្ខខណ្ឌនៃការបំពេញកាតព្វកិច្ចចាប់គូឲ្យមានកីឡាការិនី និងកីឡាករយុវជនថ្នាល ១គូ»។
លោកសង្កត់ធ្ងន់ថា «នេះគឺជាកាតព្វកិច្ចតែម្ដង ។ ដោយសារកន្លងយើងមានករណីស្នើសុំ តែមិនបានដាក់ចូលទៅជាកាតព្វកិច្ចទេ តែឥលូវនេះ គឺយើងនឹងសម្រេចត្រូវតែដាក់ចូលជាកាតព្វកិច្ច មានន័យថា កម្មវិធីមួយ បើសិនមិនមានសមាសភាពដូចដែលសហព័ន្ធទាមទារទេ យើងនឹងមិនអនុវត្តឲ្យរៀបចំ មិនវាយត្រាឲ្យរៀបចំការប្រកួតទេ»។
ក្រៅពីការរៀបចំកែសម្រួលគណៈកម្មការចាប់គូ និងកំណត់លក្ខខណ្ឌចាប់គូ សម្រាប់ស្ថានីយ៍ និងគ្រប់សង្វៀនអនុវត្ត សហព័ន្ធក៏ស្នើឲ្យមានការចូលរួមពីគ្រប់បណ្ដាស្ថានីយ៍ដៃគូអភិវឌ្ឍទាំងអស់ ត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងសណ្ដាប់ធ្នាប់ សុវត្ថិភាព នៅតំបន់បច្ចេកទេសរៀបចំការប្រកួត ដូចជាការចៀសវាងផលរំខាន ឬប៉ះពាល់ដល់ការអនុវត្តការងាររបស់អាជ្ញាកណ្ដាល-ចៅក្រម ក៏ដូចជាការកំណត់ចំនួន និងអត្ដសញ្ញាណសម្រាប់អ្នកឲ្យទឹកកីឡាករកំពុងប្រកួតជាដើម។
ជាមួយការត្រៀមដាក់ចេញនូវកាតព្វកិច្ចសម្រាប់អនុវត្តនេះដែរ សហព័ន្ធក៏បានស្នើសុំការយោគយល់ពីបណ្ដាស្ថានីយ៍ដៃគូអភិវឌ្ឍន៍ទាំងអស់ ដ្បិតលោកដឹងថា ការធ្វើបែបនេះ នឹងធ្វើប៉ះពាល់ពាល់ដល់ផលប្រយោជន៍ស្ថានីយ៍ តែសហព័ន្ធ មានតែសុំការយោគយល់ ដើម្បីគោលបំណងរួម គឺធ្វើម៉េចពង្រឹងនូវការអភិវឌ្ឍគុនខ្មែរទាំងមូល តាមរយៈការផ្ដល់ឱកាសដោយស្នើភាពគ្នា ចំពោះក្លិប និងកីឡាករ-កីឡាការិនីផ្សេងៗ ដែលខិតខំហ្វឹកហាត់ និងអភិវឌ្ឍន៍ដូចគ្នា។ លោក ខូវ ឆាយ បន្ថែម៕