(បរទេស)៖ តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃអង្គារសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia នឹងចូលរួមពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំមួយនៅក្នុងខែកក្កដាខាងមុខនេះ នៅទីក្រុងប៉េកាំង។ នេះជាលើកទីមួយហើយដែល Nvidia ចូលរួមព្រឹត្តិការណ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

CCTV បានរាយការណ៍ថា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងប៉េកាំង ហើយនឹងមានក្រុមហ៊ុនចិន និងបរទេសថ្មីៗសរុបជាង ២៣០ ចូលរួម។

Nvidia គឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យបន្ទះឈីបដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត។ ក្រុមហ៊ុនខ្នាតយក្សនេះ កំពុងព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិនដែលកំពុងថយចុះ ខណៈដែលការអនុលោមតាមការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកដ៏តឹងរ៉ឹងកាន់តែខ្លាំងឡើង ក្នុងគោលបំណងទប់ស្កាត់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះប្រភេទបន្ទះឈីបកម្រិតខ្ពស់ដែលក្រុមហ៊ុនផលិត។

ពិព័រណ៍នេះ មិនត្រូវបានគេដឹងថានឹងផ្ដល់នូវកិច្ចព្រមព្រៀងធំៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាផ្ដល់ឱកាសដល់អ្នកចូលរួមបរទេសដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចំពោះទីផ្សារប្រទេសចិន។ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានថ្លែងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍នេះកាលពីឆ្នាំ ២០២៣ ដោយបានគូសបញ្ជាក់អំពីភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ខណៈពេលដែលប្រទេសលោកខាងលិចមួយចំនួនកំពុងអំពាវនាវឱ្យកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

គួរជម្រាបថា បើទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលកាន់តែខ្លាំងឡើងក៏ដោយ ក៏ក្រុមហ៊ុនអាមេរិកនឹងតំណាងឱ្យក្រុមធំបំផុតនៃអាជីវកម្មបរទេសនៅក្នុងពិព័រណ៍ឆ្នាំនេះ ដោយមានការកើនឡើង ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕