(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានបញ្ជាក់នៅក្នុងប្លុកថ្មីមួយថា ក្រុមហ៊ុន Meta បានព្យាយាមទាក់ទាញអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ OpenAI ដោយផ្ដល់ជាប្រាក់ខែធំដល់ទៅ ១០០លានដុល្លារ សម្រាប់ម្នាក់ ប៉ុន្តែបរាជ័យ។

Meta ត្រូវបានគេសង្កេតថា កំពុងប្រមូលអ្នកជំនាញដើម្បីបង្កើនសមត្ថភាពក្នុងការបង្កើត AI ដែលឆ្លាតវៃជាងមនុស្ស។ ការដាក់សំណើប្រាក់ខែជាច្រើននេះ​ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Meta ដើម្បីឈានទៅជាម្ចាស់ឈានមុខក្នុងការបង្កើតប្រព័ន្ធ AI ទំនើបបំផុត។​ បើទោះបីជាគេបានផ្ដល់ជម្រើសប្រាក់ខែអស្ចារ្យបែបនេះក៏ដោយ OpenAI នៅតែអាចរក្សាបុគ្គលិកសំខាន់ៗរបស់ខ្លួនបាន ដោយបង្ហាញពីភាពស្មោះត្រង់ក្នុងក្រុមការងារ និងយុទ្ធសាស្ត្រប្រកួតប្រជែងក្នុងការរក្សា​​មនុស្សដែលមានសមត្ថភាព។

ការប្រកួតប្រជែងសម្រាប់អ្នកជំនាញផ្នែក AI ឥឡូវនេះកំពុងកាន់តែតានតឹង។ ក្រុមហ៊ុនធំៗដូចជា Microsoft, Google, Meta និង xAI កំពុងផ្ដល់ប្រាក់ខែជាច្រើនលានដុល្លារ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវកំពូលទាំងនោះ។​

គួរជម្រាបថា​ Meta កំពុងវិនិយោគយ៉ាងខ្លាំងដើម្បីក្លាយជាជើងខ្លាំងជាថ្មីនៅក្នុងវិស័យ AI។​ ទោះមានការប្រជែងខ្លាំងយ៉ាងណា​ OpenAI នៅតែរក្សាបានកម្លាំងពលកម្មរបស់ខ្លួនដោយរក្សារមនុស្សខ្លាំងៗបានដដែល។ តម្លៃជំនាញ AI កំពុងឡើងខ្ពស់ខ្លាំង ហើយក្រុមហ៊ុនត្រៀមចំណាយយ៉ាងច្រើនដើម្បីទទួលបានអ្នកស្រាវជ្រាវកំពូល៕