(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពអង់គ្លេស Premier League បានបញ្ចេញកាលបរិច្ឆេទចាប់ផ្តើមរដូវកាលថ្មី ឆ្នាំ២០២៥-២៦ ជាផ្លូវការហើយ ពោលគឺចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។

វាមានរយៈពេល ៨៣ថ្ងៃ គិតចាប់តាំងពីលីគដ៏មានប្រជាបិ្រយភាពមួយនេះបានបញ្ចប់រដូវកាលមុន ដែលមានហង្សក្រហម Liverpool ជាម្ចាស់ជើងឯក ដ្បិតតាមចំណាំរដូវកាលកន្លងមក ច្រើនចាប់ផ្តើមតាំងពីរាត្រីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាសរុប កម្មវិធី Premier League រដូវកាលថ្មី គឺមានរយៈពេល ៣៣សប្តាហ៍រៀងរាល់ថ្ងៃចុងសប្តាហ៍ និងការប្រកួតខ្លះដែរនាពាក់កណ្តាលសប្តាហ៍ផងដែរ ដោយមាន ២០ក្លិបចូលរួម នៅពេលថ្ងៃប្រកួតបិទរដូវកាល នឹងធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦។

Liverpool ដែលស្ថិតក្រោមដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Arne Slot បានក្លាយជាជើងឯកលីគលើកទី២០ របស់ពួកគេរដូវកាលមុន មុន ១ខែបិទរដូវកាល ស្របពេលឆ្មាខ្មៅ Sunderland បានវិលមក Premier League ក្រោយពេលត្រូវបានកាត់ចេញតាំងពីរដូវកាល ២០១៦-១៧ តាមរយៈឆ្លងកាត់នៃវគ្គជម្រុះជោគជ័យ អមដំណើរក្រុមជើងឯក Championship គឺ Leeds United ក្រោយពេលអវត្តមាន ២រដូវកាល។

ទន្ទឹមគ្នានោះដែរ Burnley ក៏បានវិលមក Premier League វិញដែរ និងជាលើកទី៩ សម្រាប់ពួកគេដែលបានឈរជើងនៅលីគកំពូលអង់គ្លេសមួយនេះ៕