(បរទេស)៖ បញ្ហាអនាគតរបស់ខ្សែប្រយុទ្ធ Son Heung-min នៅក្លិប Tottenham Hotspur កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ នៅពេលដែលកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ នៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការជជែកពីកិច្ចសន្យាថ្មីរបស់កីឡាករវ័យ ៣២ឆ្នាំខាងលើនេះ ត្រូវបានពន្យារពេល ដ្បិតពួកគេកំពុងជាប់ដៃរៀបចំផែកការប្រកួតលក្ខណៈបែបទេសចរណ៍នៅតំបន់អាស៊ី។

Spurs មានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ ២លើកក្រៅទឹកដីអង់គ្លេស ទល់នឹង Arsenal នាថ្ងៃទី៣១ ខែកក្កដា នៅហុងកុង និង ៣ថ្ងៃបន្ទាប់ប៉ះ Newcastle United នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលអ្នកគាំទ្រក្នុងស្រុកទន្ទឹងរង់ចាំ Idol របស់ពួកគេផងដែរ។

គិតមកទល់ពេលនេះ Spurs ក៏ពុំទាន់ផ្តល់សញ្ញាផ្លូវការណាមួយដល់ Son ដែរ ដោយនៅតែទន្ទឹងរង់ចាំថាតើ គាត់អាចសម្របខ្លួនទៅនឹងទម្រង់លេងថ្មីរបស់អ្នកចាត់ការ Thomas Frank ឬយ៉ាងណានារដូវកាលខាងមុខ?

Son ជាកីឡាករសំខាន់ ១រូបរបស់ Spurs គិតចាប់តាំងទិញពីក្លិប Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ដោយរកបាន ១៧៣គ្រាប់ ពីការចូលលេងសរុបដល់ទៅ ៤៥៤ប្រកួត ក្នុងនាមខ្សែប្រយុទ្ធលេចធ្លោមួយរូបនៅ Premier League ដែរ៕