(ភ្នំពេញ)៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបង្ហាញផែនការស្នើសូមទៅកាន់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីបញ្ជ្រាបកីឡាប្រពៃណីខ្មែរមួយនេះ ទៅតាមសាលារៀននានាក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងគម្រោងជាច្រើនទៀត ដែលត្រូវជំរុញការអភិវឌ្ឍ នៅក្នុងអាណត្តិថ្មី។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មាស សារិន ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ ឆ្នាំ២០២០-២០២៤ និងបន្ដអាណត្តិទី៥ ឆ្នាំ២០២៥-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៨ ស្របពេលលោក បានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មី បន្ដទៀត។

ប្រធានសហព័ន្ធដដែលបន្ដថា ការបញ្ជ្រាបកីឡាទាញព្រ័ត្រទៅតាមសាលារៀនពិតសំខាន់ក្នុងការអភិវឌ្ឍធនធានថ្នាល។ ទន្ទឹមនឹងនេះ សហព័ន្ធក៏គ្រោងស្នើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២៦ ទាំងក្រុមបុរស និងក្រុមនារី។ បើតាមផែនការ សហព័ន្ធគ្រោងប្រមូលផ្ដុំកីឡាករ៩នាក់ គ្រូបង្គោលម្នាក់ និងគ្រូជំនួយម្នាក់។ ចំណែកក្រុមនារី ក៏មាន៩នាក់ គ្រូបង្គោលម្នាក់ និង គ្រូជំនួយម្នាក់ដូចគ្នា សរុប២២នាក់។

ក្នុងអាណត្តិថ្មីនេះដែរ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក៏បានសូមឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួយត្រួសត្រាយឱ្យក្រុមជម្រើសជាតិទាញព្រ័ត្រកម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម២០២៥ នៅថៃផងដែរ ។ ក្រៅពីនោះ សហព័ន្ធមានគម្រោងបង្កើតការប្រកួតយុវជនអាយុក្រោម២១ឆ្នាំ ការប្រកួតក្នុងចំណោមកម្មករកម្មការិនីរោងចក្រ ការប្រកួតកងទ័ព ការប្រកួតសមាគមអន្តរជាតិ និងការប្រកួតបែបទេសចរណ៍ដើម្បីទាក់ទាញការចូលរួមពីជនបរទេស។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រៅពីប្រធានសហព័ន្ធខាងលើ គឺមានអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញិក អគ្គហិរញ្ញិករង និងសមាជិកសរុបចំនួន ៤១នាក់ ។ ក្នុងននាមលោកបណ្ឌិត មាស សារិន បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីអភិវឌ្ឍឆ្ពោះទៅមុខ ជាពិសេសប្ដេជ្ញាយកមេដាយស៊ីហ្គេមឆ្នាំនេះទៀតផង៕