(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ប្រកាស​ប្រមូល​រថយន្ត​ចំនួន ២៥៩,០៣៣ គ្រឿង​នៅ​សហរដ្ឋអាមេរិក ដោយសារ​បញ្ហា​ឈ្នាន់​ហ្វ្រាំង​ដែល​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាតិ (NHTSA) របស់​សហរដ្ឋអាមេរិក និងត្រូវបានចុះផ្សាយដោយ CNA នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

NHTSA បាន​ឱ្យ​ដឹង​ថា បញ្ហា​នេះ​ប៉ះពាល់​ដល់​រថយន្ត​ម៉ូដែល Acura TLX ស៊េរីឆ្នាំ ២០២១ ដល់ ២០២៥, ម៉ូដែល Acura MDX ស៊េរីឆ្នាំ ២០២៣ ដល់ ២០២៥ និង Honda Pilot ស៊េរីឆ្នាំ ២០២៣ ដល់ ២០២៥។ ក្រុមហ៊ុន Honda បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​របាយការណ៍​ទាមទារ​សំណង​ក្រោម​ការ​ធានា (warranty claims) ចំនួន ៦៧៤ ករណី ចាប់តាំងពី​ឆ្នាំ ២០២០ មក ដែល​ទាក់ទង​នឹង​បញ្ហា​ឈ្នាន់​ហ្វ្រាំង​នេះ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ពី​គ្រោះថ្នាក់ ឬ​របួស​ណាមួយ​ឡើយ។

គួរជម្រាបថា Honda បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ដែល​រង​ផល​ប៉ះពាល់ទាំងអស់ ឱ្យ​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​ដើម្បី​ទទួល​បាន​ការ​ជួសជុល​ដោយ​ឥត​គិត​ថ្លៃ៕