(ឡុងដ៍)៖ កីឡាករខ្សែបម្រើ Mykhailo Mudryk របស់ក្លិបបាល់ទាត់តោខៀវ Chelsea កំពុងប្រឈមទៅនឹងបម្រាម ៤ឆ្នាំពី FIFA បន្ទាប់ពីសហព័ន្ធអង់គ្លេស FA រកឃើញមានការប្រើប្រាស់សារធាតុហាមឃាត់នាពេលកន្លងមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើអន្តរជាតិអ៊ុយក្រែន វ័យ ២៤ឆ្នាំរូបនេះ ត្រូវបាន FA ដកបញ្ឈរជើងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលពិនិត្យទឹកនោមឃើញមានសារធាតុលើកកម្លាំង ដែលអាចប្រឈមទៅនឹងបម្រាមចាប់ពី ៤ឆ្នាំឡើងទៅទៀតផងពី FIFA។
នៅក្នុងការធ្វើតេស្តស្វែងរកសំណាកគំរូនោះដែរ Mudryk ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ និងបានបដិសេធថា ពុំដែលធ្វើខុសទៅនឹងបម្រាមណាមួយឡើយ។
ទោះជាយ៉ាងណា រូបគេពុំបានលេងប្រកួតណាមួយឡើយជាមួយ Chelsea គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មក មុនពេលត្រូវបានដកចេញពីក្រុមជាផ្លូវការចាប់ពីថ្ងៃទី០១ ខែធ្នូ។ រូបគេមិនអាចចូលរួមសូម្បីតែហ្វឹកហាត់ បើទោះបីជា Mudryk ទទួលបានការគាំទ្រពីក្លិប ក៏ដូចជាក្រុមគ្រូពេទ្យក៏ដោយ។
Mudryk ដែលមានកិច្ចសន្យាលេងនៅ Stamford Bridge ដល់ខែមិថុនា ឆ្នាំ២០៣១ នោះ រកបាន ១០គ្រាប់ ពីការបង្ហាញខ្លួនសរុបចំនួន ៧៣ប្រកួតគ្រប់កម្មវិធីជាមួយតោខៀវ ក្រោយផ្ទេរចេញពីក្លិបអ៊ុយក្រែន Shakhtar Donetsk នាខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃប្រមាណ ៨៩លានផោន៕