(មេនឆេស្ទើ)៖ អ្នកគាំទ្រក្លិបបាល់ទាត់បិសាចក្រហម Mnachester United បានធ្វើការរិះគន់ចំពោះបម្រែបម្រួលតម្លៃសំបុត្រចូលទស្សនាកាន់តែឡើងថ្លៃពី ៦៦ផោន កើនដល់ ៩៧ផោនសម្រាប់រដូវកាលឆ្នាំ២០២៥-២៦។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រថ្លៃបំផុតនៅកីឡដ្ឋាន Old Trafford មានតម្លៃត្រឹមតែ ៦៦ផោនតែប៉ុណ្ណោះរដូវកាលមុន នៅពេលរដូវកាលថ្មីកើនដល់ ៩៧ផោនឯណោះ។
ទោះជាយ៉ាងណា ក្លិបបិសាចក្រហមក៏បានបញ្ជាក់ផងថា តម្លៃ ៩៧ផោននេះ គឺសម្រាប់តែតំបន់កៅអីអង្គុយផ្នែក A ស្ថិតក្នុងជំនួបធំទល់នឹង Arsenal, Chelsea, Liverpool, Manchester City, Newcastle United និង Tottenham Hotspur ទេ នៅពេលតម្លៃសំបុត្រនៅ Premier League មានតម្លៃទាបបំផុតដល់ទៅ ៣៧ផោន។
ជាការកត់សម្គាល់ផងដែរ សំបុត្រចូលទស្សនានៅ Old Trafford រដូវកាលមុនមានតែ ៤០ផោនប៉ុណ្ណោះ មុនពេលចាប់ផ្តើមឡើងថ្លៃដល់ ៦៦ផោន នៅពាក់កណ្តាលរដូវកាល។
Man Utd នារដូវកាលថ្មីឆ្នាំ២០២៥-២៦ នេះ ពុំមានកៅអីលេងពានអឺរ៉ុបណាមួយឡើយ ក្រោយពេលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលមុន ដែលជារដូវកាលដ៏អន់បំផុតរបស់ពួកគេមានរយៈជាង ៥០ឆ្នាំមកនេះ ពោលគឺចាប់តាំងពី Man Utd ត្រូវបានកាត់ចេញពីលីគនាឆ្នាំ១៩៧៣-៧៤៕