(អេស្ប៉ាញ)៖ ក្លិបលីគអេស្ប៉ាញ La Liga អ្នកមានបុណ្យ FC Barcelona ដែលស្ថិតក្រោមការដឹកនាំដោយលោក Hansi Flick សម្រាប់ការត្រៀមប្រកួតប្រជែងរដូវកាលថ្មី ជាមួយការពង្រឹងសមាត្ថភាពជម្រើសអ្នកចាំទី ពេលនេះទិញបានកីឡាករអ្នកចាំទី Joan Garcia ពីក្លិប Espanyol ជាមួយការចាយលុយប្រមាណជាង ២៨.៧៥លានដុល្លារ នឹងមានការព្រមព្រៀងលើកិច្ចសន្យារយៈពេល ៦ឆ្នាំ ។
ក្លិប Espanyol ក៏បានចេញសេចក្តីប្រកាសថា នេះជាការចាកចេញពីក្លិបរបស់ Garcia បន្ទាប់ពីរួមរស់តាំងពីអាយុ ១៥ឆ្នាំមក អ្នកចាំទីមានវ័យ ២៤ឆ្នាំរូបនេះ មានសមាត្ថភាពសង្គ្រោះបាល់ច្រើនជាង ១៤៦លើកមិនឱ្យចូលសំណាញ់ទីក្នុងរដូវកាល២០២៤-២៥ ។
Garcia នឹងក្លាយជម្រើសប្រកួតប្រជែងនៅតំណែងអ្នកចាំទីដៃទី១ ជាមួយនឹងកីឡាកររាមច្បង Marc-Andre ter Stegen ដែលអ្នកចាំទីរូបនេះបានខកខានចូលលេងច្រើនក្នុងរដូវកាលនេះ ដោយសារតែការវះកាត់ជង្គង់។ ខណៈក្លិបក៏បានព្យាយាមបញ្ចុះបញ្ចូលកីឡាករប៉ូឡូញ Wojciech Szczesny ឱ្យចាកចេញពីគម្រោងចូលនិវត្តន៍ផងដែរ ៕