(បរទេស)៖ ក្រុមហ៊ុន Apple កំពុងពិចារណានូវការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយបង្កេីនល្បឿននៃដំណើរការរចនាឈីបផ្ទាល់ខ្លួន ដូចជា A-series សម្រាប់ iPhone, M-series សម្រាប់ Mac និងឈីបដែលបំពាក់ក្នុង Vision Pro។ នេះបើយោងតាមការបញ្ជាក់របស់លោក Johny Srouji ប្រធានផ្នែកបច្ចេកវិទ្យាឧបករណ៍របស់ Apple ក្នុងកិច្ចប្រជុំមួយនៅប្រទេសបែលហ្សិក និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
លោកបានអះអាងថា កម្មវិធីរចនាឧបករណ៍អេឡិចត្រូនិច (EDA) ដែលបង្កើតឡើងដោយក្រុមហ៊ុន Cadence និង Synopsys ហើយមានការបង្កើតជាមួយ AI គឺមានសារៈសំខាន់ខ្លាំងណាស់និងអាចជួយបង្កើនផលិតភាពនៃការរចនាឈីមក្នុងអនាគត។ មូលហេតុនៃគម្រោងប្រើ AI ដើម្បីចូលរួមរចនាបន្ទះឈីប គឺដោយសារតែសម័យបច្ចុប្បន្ន ការរចនាមានភាពស្មុគស្មាញខ្លាំង ដូច្នេះ AI អាចជួយបង្កើនល្បឿន និងកាត់បន្ថយកម្លាំងមនុស្ស។ Apple ជាក្រុមហ៊ុននាំមុខក្នុងការរចនាឈីមផ្ទាល់ខ្លួន ខណៈការប្រើ AI នឹងជួយបន្តសក្តានុពលនៃការច្នៃប្រឌិតថ្មីៗ។
ក្រុមហ៊ុន Cadence និង Synopsys ក៏ត្រូវបានរាយការណ៍ដែរថា កំពុងជម្រុញការរួមបញ្ចូល AI ទៅក្នុងឧបករណ៍របស់ពួកគេ។ ការយល់ព្រមរបស់ Apple គឺជាសញ្ញាថា EDA បែប AI នឹងក្លាយជានិន្នាការថ្មី។ ចាប់តាំងពី A4 ក្នុងឆ្នាំ២០១០ Apple បានបន្តអភិវឌ្ឍឈីម M-series សម្រាប់ Mac និង Vision Pro។ ឥឡូវនេះ Apple ចង់អភិវឌ្ឍបន្ថែមទៅជាមួយ AI។ ក្រៅពីនេះ Apple ក៏កំពុងអភិវឌ្ឍឈីមសម្រាប់ វ៉ែនតាឆ្លាត, ម៉ាស៊ីនបម្រើ AI, និងចង់បង្កើត Wi-Fi / Bluetooth / Modem ផ្ទាល់ខ្លួនផងដែរ។
គួរជម្រាបថា ការបញ្ចូល AI ក្នុងដំណើរការរចនាឈីមរបស់ Apple គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីបន្ថែមល្បឿន កាត់បន្ថយការចំណាយ និងបង្កើនភាពជាក់លាក់នៃការរចនាឧបករណ៍។ វាអាចនាំឲ្យផលិតផលនាពេលអនាគតរបស់ Apple មានកម្លាំងខ្លាំងជាងមុន និងមានការច្នៃប្រឌិតខ្ពស់ជាងមុន៕