(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយស្ថាប័នរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះចិន E-Mei Legend បង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ លើកដំបូង នៅរាជធានីភ្នំពេញ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកស្រលាញ់ និងចង់សិក្សាស្វែងយល់ពីគុនខ្មែរគ្រប់ជាតិសាសន៍ ជាមួយសញ្ញាបត្រកម្រិតបរិញ្ញា និងផែនការបន្ដដល់ថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិតគុនខ្មែរនាថ្ងៃអនាគតទៀតផង។

នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពិធីសម្ពោធផ្លូវការវិទ្យាស្ថានខាងលើ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក លីវ អឺលី ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរផងដែរ។

លោកបន្ដថា វិទ្យាស្ថាននេះ បង្កើតឡើងក្រោមកិច្ចសហការរវាងសហព័ន្ធ និងសមភាគីចិន គឺស្ថាប័ន E-Mei Legend បន្ទាប់ពីភាគីទាំងពីរ បានចុះ MOU ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍យុទ្ធគុន ទាំងគុនខ្មែរ និងយុទ្ធគុនចិន ជាច្រើននាថ្ងៃអនាគត ។ វិទ្យាស្ថាននេះ វិនិយោគដល់ភាគីចិន ដែលបានបំពាក់នូវបរិក្ខាគ្រប់សព្វបែបយ៉ាង គ្រាដែលសហព័ន្ធ គឺជាអ្នកគ្រប់គ្រងលើកម្មវិធីបង្រៀន ពិសេសគ្រូជំនាញ ក្នុងការបណ្ដុះបណ្ដាលសិក្សានុសិស្ស ដោយអនុលោមតាមបច្ចេកទេសគុនខ្មែរឲ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត ក្នុងនាមម្ចាស់ក្បាច់គុន។

ប្រធានសហព័ន្ធខាងលើ បានបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា វិទ្យាស្ថានបណ្តុបណ្តុះបណ្តាលគុនខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក ក៏ដូចជាមន្ត្រីបច្ចេកទេសឲ្យកាន់តែមានសមត្ថភាពនាថ្ងៃអនាគត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនខ្មែរឲ្យល្បីសុះសាយទូទាំងសាកលលោក រួមទាំងគោលដៅផ្សព្វផ្សាយគុនខ្មែរនៅអន្តរជាតិឱ្យប្រទេសដទៃៗទៀត ចូលរួមជាសមាជិករបស់គុនខ្មែរជុំវិញពិភពលោក»

លោកបានចាត់ទុកនេះគឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាលធនធានមូលដ្ឋានគ្រឹះនេះ ដែលនឹងជំរុញឲ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរ និងសិក្ខាកាមដែលសិក្សានៅវិទ្យាស្ថាននេះ នឹងក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ពិសេសនៅប្រទេសចិន ដែលកំពុងត្រូវការគ្រូបង្ហាត់ដែលមានគរុកោសល្យច្បាស់លាស់យ៉ាងច្រើន ។ ប៉ុន្ដែបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនោះទេ ក៏មិនអាចធ្វើឲ្យគុនខ្មែរចាក់ឫសចាក់គល់នៅលើឆាកអន្តរជាតិដែរ។

«វិទ្យាស្ថាននេះ អនាគតនឹងបណ្ដុះបណ្ដាលគ្រូ ដើម្បីផ្ដល់ឱកាសឲ្យគាត់ទៅបណ្ដុះបណ្ដាលគុនខ្មែរយើង ជាផ្នែកមួយនៃការផព្វផ្សាយនៅក្រៅប្រទេស ពិសេសនៅទឹកដីចិន ដែលអាចផ្ដល់នូវឱកាសការងារ និងប្រាក់បៀវត្សមួយសមរម្យសម្រាប់គ្រូ ហើយអនាគតកីឡាករគុនខ្មែរយើង ពេលគាត់បញ្ចប់អាជីព គាត់អាចនឹងក្លាយជាគ្រូបង្វឹក ហើយទៅផ្សព្វផ្សយាគុនខ្មែរនៅក្រៅប្រទេស។ នេះគឺជាចំណុចមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍគុនខ្មែរ ស្របតាមផែនការស្នូលរបស់សហព័ន្ធ ក៏ដូចជាទិសដៅក្រសួងអប់រំ និង NOCC ក្នុងការជំរុញការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិឲ្យល្បីសុះសាយទូទាំងសកលោកផងដែរ»។ លោក ខូវ ឆាយ បន្ថែម។

តាមរយៈនេះ ក្នុងនាមម្ចាស់ក្បាច់គុន សហព័ន្ធ និងភាគីចិន បានប្ដេជ្ញានឹងជំរុញការរៀបចំឲ្យត្រឹមត្រូវតាមនីតិវិធី ក្នុងការចុះបញ្ជីនៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការស្នើសុំការទទួលស្គាល់ពីក្រសួងអប់រំ និង NOCC ដើម្បីធ្វើឲ្យការបណ្ដុះបណ្ដាលមានភាពត្រឹមត្រូវ និងមានវិជ្ជាជីវៈច្បាស់លាស់ អំពីប្រវត្តិសាស្ដ្រគុនខ្មែរ ក៏ដូចជាបច្ចេកទេសគុនខ្មែរ ដោយសិក្ខាកាមសិក្សានៅវិទ្យាស្ថាននេះ នឹងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ជាមួយវិញ្ញាបនបត្របញ្ជាក់ការសិក្សាដោយក្រសួងអប់រំ ហើយអាចបន្ដការសិក្សានៅក្រៅប្រទេសទៀតផងរ ពិសេសនៅប្រទេសចិន។

លោក ខូវ ឆាយ បន្ថែមថា «ទន្ទឹមនឹងការបង្កើតវិទ្យាស្ថាននេះ យើងក៏បានសហការជាមួយសាកលវិទ្យាល័យកីឡាធំៗរបស់ចិនចំនួន ២ នៅខេត្តស៊ីឈ័ន និងខេត្តគ័ងស៊ី ដែលព្រមព្រៀងផ្ដល់នូវកម្មវិធីសហសិក្សា រវាងវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ នៅកម្ពុជា និងសាកលវិទ្យាល័យកីឡានៅចិន ដែលអាចអនុញ្ញាតឲ្យសិក្ខាកាម ដែលបណ្ដុះបណ្ដាលនៅទីនេះ ចេញទៅបន្ដការសិក្សា និងទទួលបានសញ្ញាបត្រនៅក្រៅប្រទេស ។ យើងអាចមានកម្មវិធី ២+២ ឬ ៣+១ មានន័យថា សិក្សានៅកម្ពុជា ២ឆ្នាំ ឬ ៣ឆ្នាំ និងសិក្សានៅចិន ២ឆ្នាំ ឬ ១ឆ្នាំ ហើយទទួលសញ្ញាបត្របរិញ្ញាបត្រនៅចិន ហើយយើងក៏មានផែនការបន្ដដល់អនុបណ្ឌិត ឬដល់ថ្នាក់បណ្ឌិតគុនខ្មែរតែម្ដងនៅថ្ងៃអនាគត»

ទន្ទឹមជាការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរនេះ ក្នុងនាមម្ចាស់ក្បាច់គុន និងគ្រប់គ្រងផ្នែកបច្ចេកទេសបណ្ដុះបណ្ដាល សហព័ន្ធនឹងផ្ដល់ឱកាសដល់សិក្ខាកាមកម្ពុជា ដោយភាគីកម្ពុជា ក៏កំពុងពិភាក្សាជាមួយភាគីចិន ក្នុងការផ្ដល់ឱកាសឲ្យសិស្សានុសិស្សកម្ពុជា បានសិក្សាដោយឥតគិថ្លៃ ឬអាហារូបករណ៍ ដល់សិស្សខ្មែរ ។ រីឯសិស្សបរទេស នឹងត្រូវគិតថ្លៃធម្មតា ហើយលោកក៏បានស្វាគមន៍សិស្សមកពីគ្រប់ប្រទេស ពិសេសជនជាតិចិន ដែលកំពុងចង់ចូលសិស្សាច្រើន ដើម្បីសិក្សាស្វែងយល់ និងទទួលចំណេះជំនាញគុនខ្មែរ ដើម្បីយកទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស សម្រាប់ជនបរទេសដែលស្រលាញ់គុនខ្មែរផងដែរ៕