(ប៉ារីស)៖ AirAsia ត្រូវបានប្រកាសជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ សមរម្យល្អបំផុតលំដាប់ពិភពលោកនៅក្នុងកម្មវិធី Skytrax World Airline Awards 2025 រយៈពេល១៦ឆ្នាំជាប់ៗគ្នាដែលពិភពលោកទទួលស្គាល់ថាជាស្តង់ដារមាស នៃការធ្វើដំណើរដែលមានតម្លៃសមរម្យបំផុត។
សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីការឈានមុខគេរបស់ AirAsia នៅតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត លើសពីនេះទៅទៀត ដោយមានបណ្តាញយ៉ាងធំទូលាយតភ្ជាប់ទៅកាន់ជាង ១៣០ គោលដៅប្រកបដោយ តម្លៃសមរម្យ និងការបេជ្ញាចិត្តខ្ពស់ចំពោះគុណភាពប្រតិបត្តិការ។ AirAsia កំពុងបន្តរៀបចំតភ្ជាប់គោលដៅហោះហើរថ្មីៗ ដែលធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល តម្លៃសមរម្យ និងបណ្តាញហោះហើររួមបញ្ចូលគ្នាគ្របដណ្តប់ ទូទាំងទ្វីបអាស៊ី ដោយប្រើប្រាស់មជ្ឈមណ្ឌលបណ្តាញហោះហើរពហុមុខងារជាយុទ្ធសាស្រ្ត ទៅកាន់ពាសពេញប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងកម្ពុជា។
ក្នុងពិធីទទួលពានរង្វាននៅឯកម្មវិធី Paris Air Show 2025 នៅប្រទេសបារាំងកាលពីថ្ងៃអង្គារ លោក Datuk Kamarudin Meranun ប្រធានក្រុមប្រឹក្សាភិបាលនៃ Capital A និងជាសហស្ថាបនិករបស់ AirAsia បានមានប្រសាសន៍ថា៖ «ឆ្នាំលើកទី១៦នេះ ការទទួលស្គាល់មួយនេះនៅតែមានន័យដ៏ជ្រាលជ្រៅសម្រាប់យើង។ ពួកយើងចាប់ផ្តើមជាមួយនឹងក្តីសុបិន្តសាមញ្ញមួយ គឺដើម្បីធ្វើឱ្យការហោះហើរមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ ការទទួលស្គាល់ជាលើកទី ១៦ នេះ បញ្ជាក់អោយឃើញថាយើងនៅតែប្តេជ្ញានឹងគោលបំណងមួយនេះដដែល ហើយនឹងបន្តរក្សាគុណតម្លៃអោយខ្ពស់ក្នុងចិត្តរបស់អ្នកដំណើររាប់លាននាក់ដែលជ្រើសរើសការហោះហើរជាមួយយើងរាល់ឆ្នាំ។ ទោះបីជាពានរង្វាន់នេះជាសមិទ្ធិផលដ៏អស្ចារ្យមួយក៏ដោយ យើងនៅតែមិនបង្អង់ក្នុងការខិតខំប្រឹងប្រែង ហើយរង្វាន់នេះថែមទាំងជាការលើកទឹកចិត្តអោយយើងខិតខំថែមទៀត»។
លោក Tony Fernandes ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A និងជាសហស្ថាបនិករបស់ AirAsia បានមានប្រសាសន៍ថា៖ «នេះជាជ័យជម្នះដ៏មានន័យបំផុតសម្រាប់ខ្ញុំ។ ពីការហោះហើរដែលមានអ្នកដំណើរត្រឹមតែ ២០០,០០០ នាក់ ក្នុងឆ្នាំដំបូង រហូតឈានដល់គោលដៅទទួលបានអ្នកដំណើរចំនួន ១ ពាន់លាននាក់ ក្នុងឆ្នាំនេះ ដំណើរការនេះអាចកើតឡើងបានដោយសារការគាំទ្រដ៏មុះមុតពីអ្នកដំណើរ និងការខិតខំអស់ពីកម្លាំងកាយចិត្តពី Allstars ដ៏អស្ចារ្យរបស់យើង។ រាល់បញ្ហាដែលយើងបានជួប គ្រប់ពេលដែលយើងក្រោកឈរឡើងវិញ គឺអាចកើតឡើងបានដោយសារសេចក្តីជឿទុកចិត្ត និងការខិតខំរបស់ពួកគេ។ យើងសូមថ្លែងអំណរគុណចំពោះក្រុមការងាររបស់កម្មវិធី Skytrax ដែលបានទទួលស្គាល់ការងាររបស់យើង ហើយខ្ញុំចង់ចែករំលែកពានរង្វាន់នេះជាមួយ Allstars របស់ខ្ញុំ – វាសាកសមនឹងពួកគេ។ សូមអរគុណសម្រាប់ការជឿជាក់លើក្តីសុបិន្ត»។
លោក Edward Plaisted ប្រធាននាយកប្រតិបត្តិនៃកម្មវីធី Skytrax បានមានប្រសាសន៍ថា៖ «យើងសូមអបអរសាទរចំពោះក្រុមហ៊ុន AirAsia សម្រាប់សមិទ្ធិផលដ៏អស្ចារ្យនេះនៅក្នុងកម្មវិធី World Airline Awards 2025។ ជ័យជម្នះ១៦ឆ្នាំជាប់ៗគ្នានេះ បញ្ជាក់ឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការផ្តល់ ជំរើសនៃការធ្វើដំណើរជាមួយនឹងតម្លៃដ៏សមរម្យនិងមានគុណភាពល្អបំផុតដល់អតិថិជន។ នេះជាផ្នែកដ៏ខ្លាំងក្លានៃទីផ្សារក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យ ហើយពានរង្វាន់នេះបង្ហាញពីភាពជោគជ័យរបស់ AirAsia»។
ពានរង្វាន់នេះក៏ជាសក្ខីកម្មសម្រាប់ការរួមចំណែករបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការតភ្ជាប់បណ្តាញហោះហើរទៅកាន់ទីក្រុងសំខាន់ៗ និង ទីក្រុងរណបដែលមិនទាន់មានសេវាកម្មគ្រប់គ្រាន់ផងដែរ។ គំរូនេះបានអនុញ្ញាតឱ្យមានការបើកដំណើរការជើងហោះហើរដែលមានលក្ខណៈពិសេសខុសពីគេប្រកបដោយយុទ្ធសាស្ត្រដូចជា ហោះហើររវាង កូឡាឡាំពួរ-ឡាប៊ួនបាចូ បាងកក- ណារ៉ាធីវ៉ាត់ ម៉ានីឡា-តាកប៊ីឡារ៉ាន ហ្សាកាតា-ស៊ីឡាងជីត និងគោលដៅផ្សេងៗទៀត ដែលអាចពង្រីកការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ កំពុងអភិវឌ្ឍ។ នាពេលអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកការតភ្ជាប់ បណ្តាញហោះហើរឆ្ពោះទៅកាន់តំបន់អាស៊ីកណ្តាល និងអាស៊ីបូព៌ា ដែលជាជំហានសំខាន់ក្នុងគោលបំណងក្លាយជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ សមរម្យលំដាប់ពិភពលោក យ៉ាងពិតប្រាកដ។
ក្នុងពេលជាមួយគ្នានេះ AirAsia នៅបន្តផ្តោតលើបទពិសោធន៍ជូនអ្នកដំណើរ ដែលធ្វើឱ្យ AirAsia ខុសពី ក្រុមហ៊ុន ផ្សេងៗទៀត។ ដោយបានហោះហើរជាមួយអ្នកដំណើរជិត១ពាន់លាននាក់ ក្រុមហ៊ុននេះនៅតែរក្សាបាននូវ កម្រិតខ្ពស់នៃអតិថិជនស្មោះត្រង់របស់ខ្លួន និងការគាំទ្រយ៉ាងសកម្មពីសំណាក់អ្នកប្រើប្រាស់នៅទីផ្សារ
សំខាន់ៗ។ ដោយត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ សមរម្យលំដាប់ពិភពលោកទី ២៤ លើពិភពលោកជាមួយនឹង តម្លៃ១,៩៣ពាន់លានដុល្លារអាមេរិក AirAsia ឆ្លុះបញ្ចាំងពីឫសគល់ដ៏រឹងមាំរបស់ខ្លួនទាំងថ្នាក់តំបន់ និងភាពទាក់ទាញលំដាប់ថ្នាក់ពិភពលោក។
កម្មវិធី Skytrax World Airline Awards គឺជាកម្មវិធីពានរង្វាន់ធំមួយដែលមានកិត្យានុភាពបំផុតនៅក្នុងវិស័យអាកាសចរណ៍ពិភពលោក។ ការស្ទង់មតិតាមអ៉ីនធឺណិតបានប្រព្រឹត្តទៅចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមមកពីជាង១០០សញ្ជាតិ និងមានចំនួន ២២,៣លាន បានចូលរួមស្ទង់មតិ។ ប្រមាណ ៣២៥ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានរាយនាមនៅក្នុងលទ្ធផលស្ទង់មតិ។ ក្រុមហ៊ុនអាកាសចរណ៍មិនតម្រូវឱ្យបង់ថ្លៃចូលរួម ឬថ្លៃចុះឈ្មោះឡើយ ហើយរាល់ការចំណាយទាំងអស់ នៃការស្ទង់មតិនិងកម្មវិធីប្រគល់ពានរង្វាន់ត្រូវបានគ្រប់គ្រងផ្ទាល់ដោយកម្មវិធី Skytrax ៕