(ភ្នំពេញ)៖ ទោះបីដណ្ដើមបានមេដាយលើសការរំពឹង នៅក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ តែក៏មានចំណុចខ្វះខាតមួយចំនួន ដែលសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្ដេជ្ញានឹងបន្ដធ្វើការពង្រឹង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលក្រោយឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរផងដែរ។
នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ ក្រោយដឹកនាំប្រតិភូ និងអត្តពលិកក្រុមកីឡាហាប់គីដូលកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ២៣គ្រឿង (មាស ៤ ប្រាក់ ៧ និងសំរឹទ្ធ ១២) ដែលដណ្ដើមបានពីការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ។
ក្នុងនាមប្រតិភូដឹកនាំ និងជាគ្រូបង្វឹក លោកបានចាត់ទុការឈ្នះមេដាយ ២៣គ្រឿងខាងលើ គឺជាសមិទ្ធផលលើសការរំពឹង ហើយជាការកត់សម្គាល់ មានវិញ្ញាសាខ្លះ ដែលកីឡាករ-កីឡាការិនីកម្ពុជាមានគុណភាពបច្ចេកទេសល្អជាគូប្រកួត ដោយអាចឈានដល់ការដណ្ដើមបានមេដាយមាសជូនជាតិមាតុភូមិ តែក៏មានវិញ្ញាសាខ្លះ ដែលសមត្ថភាពកីឡាករ-កីឡាការិនីនៅមានកម្រិត។
តាមរយៈនេះ សហព័ន្ធនឹងបន្ដពង្រឹងរាល់ចំណុចខ្វះខាតទាំងអស់នោះ ដើម្បីពង្រឹងគុណផលបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិលើកក្រោយៗទៀតឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដ្បិតលើកនេះ ទើបជាលើកទី២ ប៉ុណ្ណោះ ដែលក្រុមកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតអន្ដរជាតិនៅក្រៅប្រទេស ។ យ៉ាងណាក្ដីលោកក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនីទាំងអស់ រហូតសម្រេចសមិទ្ធផលជូនជាតិពេលនេះ។
សូមរំឮកថា ទម្រាំអាចចូលរួមការប្រកួតអន្ដរជាតិម្ដងៗ សហព័ន្ធបានខ្នះខ្នែងជាខ្លាំង ដោយសារសហព័ន្ធ មិនទាន់មានការឧបត្ថម្ភគាំទ្រពីក្រសួង ឬស្ថាប័នណានៅឡើយ ។ ការណ៍នេះ ក្រៅពីការឧបត្ថម្ភរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក៏មានការស្ម័គ្រចិត្តឧបត្ថម្ភថវិកាបន្ដិចបន្ដួចពីកីឡាករ-កីឡាការិនី ដើម្បីមានឱកាសចេញទៅប្រកួត ហើយជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ ពិសេសគឺការដណ្ដើមមេដាយជូនជាតិមាតុភូមិតែម្ដង៕