(ភ្នំពេញ)៖ ការរួមសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានប្រមួលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃ។

ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ» និងតែងតែឈរលើគោលជំហ «គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក» ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សដ៏ធំមួយក្នុងស្រុកខ្មែរ មិនឈរអោបដៃមើលទុក្ខលំបាកដែលកសិករខ្មែរកំពុងជួបប្រទះឡើយ។ ជាក់ស្ដែង ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្ម ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រមូលទិញដំណាំល្ពៅពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាកសិករ ក៏ដូចជាបង្កើតចរន្តសេដ្ឋកិច្ចកម្ពុជា។

លើសពីនេះទៅទៀត អតិថិជនទាំងអស់អាចរកទិញល្ពៅធម្មជាតិ ដាំដុះដោយកសិករខ្មែរ ១០០ភាគរយបាន ពីគ្រប់សាខាទាំងអស់របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក៏ដូចជាទទួលយកដោយឥតគិតថ្លៃ និងមួយផ្នែកទៀត សម្រាប់ចែកដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង។ គ្រប់អតិថិជនទាំងអស់ នឹងទទួលបានល្ពៅដោយឥតគិតថ្លៃចំនួន១ផ្លែ ដោយគ្រាន់តែធ្វើការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុងមួយវិក័យបត្រ ហើយក្នុងមួយវិក្កយបត្រទទួលបានត្រឹមតែ ៣ផ្លែប៉ុណ្ណោះ។ កម្មវិធីថែមជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅគ្រប់សាខារបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត រហូតដល់អស់ពីស្តុក។

គួរបញ្ជាក់ផងដែរថា ទ្វាររបស់ផ្សារទំនើបកូនខ្មែរមួយនេះ នៅតែបើកចំហ និងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ ក្នុងការដាំដុះ ការយកទំនិញរបស់ខ្លួនមកដាក់លក់ ក៏ដូចជាការបន្តរួមសហការ ដើម្បីធ្វើយ៉ាងណាអោយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង បង្ហាញអោយឆាកអន្តរជាតិឃើញថា ខ្មែរអាចធ្វើបានហើយ៕

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕