(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងរៀបចំកម្មវិធីកីឡាចំនួន ២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រួមមានទិវាអូឡាំពិក(Olympic Day) និងវេទិកាអត្តពលិកជាតិ(National Athletes’ Forum) ដើម្បីបង្ហាញពីគុណតម្លៃអូឡាំពិក និងអត្តពលិកជាតិ ដែលបានលះបង់ និងខំប្រឹងក្នុងការប្រកួតប្រជែងនាពេលកន្លងមក។

សម្រាប់ទិវាអូឡាំពិក គ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា គ្រាដែលវេទិកាអត្តពលិកជាតិ នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា ខណៈបើគ្មានការប្រែប្រួលទេ កម្មវិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ហើយក៏មានអតីតកីឡាករ-កីឡាការិនីឆ្នើមៗចូលរួមជាច្រើនផងដែរ។

គួរដឹងថា ទិវាអូឡាំពិក ឬ Olympic Day នេះ គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណតម្លៃកីឡាអូឡាំពិក និងបំផុសចលនាអូឡាំពិក ។ ក្នុងនាមសមាជិក NOCC ក៏តែងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះរៀងរាល់ឆ្នាំផងដែរ ខណៈនេះជាឆ្នាំទី២ ហើយ ដែលទិវាប្រចាំឆ្នាំនេះ ត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមគម្រោងកម្មវិធីនេះ នឹងមានការចូលរួមអ្នកចូលរួមប្រមាណ ៥០០នាក់ ក្នុងនោះមានសិស្សានុសិស្សប្រមាណ ៤០០នាក់ និងកីឡាករ-កីឡាការិនីជម្រើសជាតិប្រមាណ ១០០នាក់ ដោយមានកម្មវិធីលេងកីឡាកម្សាន្ដសប្បាយជាច្រើន មិនតែប៉ុណ្ណោះ សិស្សានុសិស្សចូលរួម ក៏នឹងបានទស្សនាសារមន្ទីរអូឡាំពិក និងទទួលបានវិញ្ញាបនបត្រអនុស្សាវរីយ៍បញ្ជាក់ពីការចូលរួមកម្មវិធីនេះទៀតផង៕