(បរទេស)៖ ប្រធានក្រុម Lionel Messi រកបាន ១គ្រាប់នៅ FIFA Club World Cup 2025 និងជាគ្រាប់បាល់ដំបូង ក្នុងកម្មវិធីនេះដែរ គិតចាប់តាំងពីឆ្នាំ២០០៩ រួមចំណែកជួយក្រុមម្ចាស់ផ្ទះ Inter Miami CF ខិតជិតឆ្លងចូលវគ្គចាញ់-ធ្លាក់ ១៦ក្រុមបន្តទៀតដែរ។

១គ្រាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន ដែលនឹងឈានចូលវ័យ ៣៨ឆ្នាំនាថ្ងៃអង្គារសប្តាហ៍ក្រោយ កើតឡើងដោយបាល់ free kick ក្នុងរយៈចម្ងាយ ២០យ៉ាត ដែលបានផ្តួលក្រុមមកពីលីគកំពូលព័រទុយហ្គាល់ FC Porto ដោយលទ្ធផល ២ទល់នឹង១ ក្នុងប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A។

នេះជា ២លើកដំបូងសម្រាប់ក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Javier Mascherano បន្ទាប់ពីប្រកួតបើកឆាកបានត្រឹម ១ពិន្ទុ ក្រោយលេងស្មើទល់នឹងក្រុម Al Ahly មកពីប្រទេសអេហ្ស៊ីប។ ខណៈប្រកួតចុងក្រោយប៉ះក្រុម Palmeiras ។

ក្រុមម្ចាស់ផ្ទះទាំង៣ របស់អាមេរិករួមមាន Inter Miami និង Los Angeles FC បានកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុម ខណៈក្រុម Seattle Sounders លេងបន្តលេងចាញ់ Atletico Madrid នៅប្រកួតទី២ លទ្ធផល ៣-១ មានភាគរយតិចត្រឹមសល់មួយប្រកួតក្នុងពូល B ហើយក្រុម Los Angeles FC ឈរក្នុងពូល D ក៏គ្មានពិន្ទុរាប់ពីមួយប្រកួតដំបូង ។

បញ្ជាក់ផងថា នេះជាការប្រកួតប្រជែងដណ្តើមពាន FIFA Club World Cup 2025 ក្នុងទម្រង់លេងថ្មី ៣២ក្រុម ដោយពាននេះត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ២០០០ ហើយ Real Madrid ជាក្រុមឈ្នះពាននេះ ៥សម័យកាលច្រើនជាងគេ ៕