(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លិបអាជីព Manchester City ប្រមាណ ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាលមុន។

ក្រុមមេឃខៀវមួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Premier League រដូវកាលមុន ត្រូវបានគេហទំព័រកីឡា BBC ចុះផ្សាយថា មានការចាប់ផ្តើមលេងវគ្គទី២ យឺតយ៉ាវដល់ទៅ ៩លើកឯណោះក្នុងរដូវកាល ២០២៤-២៥។

ក្នុងនោះដែរ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។

Premier League បញ្ជាក់ថា City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល ១៤ថ្ងៃដែលពួកគេត្រូវបង់។

នៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ ២២លើក ជាអ្វីដែលអ្នកចាត់ការទូទៅក្លិប លោក Pep Guardiola បានព្យាយាមនឹងកាត់បន្ថយពេលវេលាប្រាប់កូនក្រុមផងដែរ ក្នុងម៉ោងសម្រាក ១៥នាទីក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់៕