(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយផ្តោតសំខាន់លើផ្នែកលក់។ នេះបើយោងតាមការចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ការកាត់បន្ថយបុគ្គលិកចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពី Microsoft ទើបនឹងបានកាត់បន្ថយបុគ្គលិកប្រមាណ ៦,០០០ នាក់រួចមកហើយកាលពីខែឧសភាកន្លងទៅ។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបង្កើនការវិនិយោគរបស់ខ្លួនទៅលើ AI យ៉ាងគំហុក ដោយមានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន ស្របពេលដែលក្រុមហ៊ុននានាទូទាំងពិភពលោកកំពុងពន្លឿនការបញ្ចូល AI ទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បីរក្សាការប្រកួតប្រជែង។

លោក Andy Jassy នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon ក៏បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះដែរថា ការដាក់ឱ្យប្រើប្រាស់ AI (Generative AI) នឹងកាត់បន្ថយកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សម្រាប់ឆ្នាំសារពើពន្ធនេះ Microsoft បានគ្រោងទុកការចំណាយដើមទុនចំនួន ៨០ ពាន់លានដុល្លារ ដែលភាគច្រើនមានគោលបំណងពង្រីកមជ្ឈមណ្ឌលទិន្នន័យ ដើម្បីកាត់បន្ថយការរាំងស្ទះសមត្ថភាពសម្រាប់សេវាកម្ម AI។

គួរជម្រាបថា ការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការនៅដើមខែក្រោយ បន្ទាប់ពីការបញ្ចប់ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ប៉ុន្តែរបាយការណ៍បានបន្ថែមថា ការកាត់បន្ថយការងារនេះ នឹងមិនត្រឹមតែប៉ះពាល់ដល់ក្រុមផ្នែកលក់ប៉ុណ្ណោះទេ ហើយពេលវេលានៃការប្រកាសក៏អាចនឹងមានការផ្លាស់ប្តូរផងដែរ។ គិតត្រឹមខែមិថុនាឆ្នាំមុន Microsoft មានបុគ្គលិកសរុបចំនួន ២២៨,០០០ នាក់៕