(បរទេស)៖ កម្មវិធី FIFA Club World Cup 2025 ដែលសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះលើកដំបូងនេះ បានដំណើរការ ប្រកួត ៦ថ្ងៃមកហើយ ជាមួយនឹងកៅអីទំនេរមានដល់ទៅជាង ៤០០,០០០កៅអីឯណោះ ក្នុងចំណោម ៩កីឡដ្ឋានផ្សេងគ្នា ដែលបានយកធ្វើទីតាំងប្រកួត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ជារួមគិតមកទល់នឹងពេលនេះ មានកៅអីទំនេរដល់ទៅ ៤២៣,០០៤កៅអី ពោលគឺចាប់តាំងពីផ្តើមប្រកួតបើកឆាកសន្សំពិន្ទុតាមពូលទាំង ៣២ក្រុម ( ពូល A-H) ដោយមានស្ថិតិស្មើនឹង ៥៦.៨% នៃចំនួនអ្នកចូលរួមទស្សនាសរុប ដែលប្រមូលថវិកាបានប្រមាណជាងកន្លះលានដុល្លារមកហើយដែរ។
កីឡដ្ឋានចំនួន ៩ដែលត្រូវបានប្រើប្រាស់ ដើម្បីបម្រើដល់ ១៦ប្រកួតសម្រាប់ជុំទី១ នោះ គឺមានចំនួនផ្ទុកសរុបដល់ទៅ ៩៧៩,៣៧៣នាក់ឯណោះ ប៉ុន្តែជាក់ស្តែងនៅសល់ជាង ៤០ម៉ឺនកៅអី។
ជាការកត់សម្គាល់ផងដែរ ការប្រកួតសន្សំពិន្ទុរវាងក្រុម Mamelodi Sundowns មកពីអាហ្រ្វិកខាងត្បូង ដែលបានឈ្នះទៅលើក្រុមរបស់កូរ៉េខាងត្បូង Ulsan ដែលមានអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Inter & Co ស្ថិតក្នុងរដ្ឋ Florida តែ ៣,៤១២នាក់ប៉ុណ្ណោះតិចមែនទែន៕