(បរទេស)៖ បញ្ហារបួសដៃឆ្វេងរាំរ៉ៃរបស់កីឡាការិនីតេន្នីស Petra Kvitova ដែលជាអតីតម្ចាស់ជើងឯកពាន Wimbledon ២សម័យកាល បង្ខំលាឈប់ នៅក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នាង Kvitova ត្រូវបានចោរចាក់ឱ្យរងរបួសដៃឆ្វេង ដែលបានគំរាមកំហែងដល់អាជីព Tennis របស់នាងជាខ្លាំងដល់សព្វថ្ងៃ កាលពីអំឡុងចោរចូលប្លន់ផ្ទះនាងក្នុងឆ្នាំ២០១៦។

ថ្មីៗនេះដែរ កីឡាការិនី វ័យ ៣៥ឆ្នាំរបស់សាធារណរដ្ឋឆេករូបនេះ បានធ្លាក់ចំណាត់ថ្នាក់ពិភពលោកជាខ្លាំង និងបានបង្ហាញខ្លួនចុងក្រោយនៃវគ្គ ៨នាក់ក្នុងកម្មវិធី Grand Slam ឆ្នាំ២០២០ បន្ទាប់ពីនាងបានឈ្នះពាន Wimbledon នៅប្រទេសអង់គ្លេសបាន ២លើកក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៤។

បន្ថែមលើនេះ Kvitova ក៏បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Australian Open របស់អូស្រ្តាលីផងដែរ កាលឆ្នាំ២០១៩ ក្រោយពេលនាងបានស្គាល់រសជាតិពាន Wimbledon ដំបូងក្នុងឆ្នាំ២០១១ តាមរយៈផ្តួលជើងខ្លាំងរបស់រុស្ស៊ី Maria Sharapova នៅវគ្គផ្តាច់ព្រ័ត្រដែលមានអាយុទើប ២១ឆ្នាំ។

នាង Kvitova បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X របស់នាងថា ក្រោយពេលបញ្ចប់កម្មវិធី US Open ក្នុងខែកញ្ញា ឆ្នាំ២០២៥ គឺជាក្តីសុបិន និងពេលវេលាចុងក្រោយសម្រាប់នាងដែលបានសម្រេចព្យួររ៉ុក្កែតនៅលើជញ្ជាំងហើយ៕