(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោឌិនហ្គេត នាថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធី ប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់បឋមសិក្សា ព្រមទាំងប្រគល់ពានរង្វាន់ បណ្ណសសើរ និងលិខិតសរសើរ ដល់សិស្សានុសិស្សប្រមាណជិត៤០០នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។
ក្នុងឱកាសធ្វើជាអធិបតីនៃពិធីប្រគល់សញ្ញាបត្រនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអបអរសាទរ ចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យទាំងអស់ ដែលបានខិតខំសិក្សាប្រឹងប្រែងរៀនសូត្ររហូតដល់បញ្ចប់ការសិក្សា ខណៈសិស្សខ្លះទៀត ទទួលបានលទ្ធផលសិក្សាយ៉ាងល្អប្រសើរ ដោយទទួលបានពានរង្វាន់ បណ្ណសសើរ និងលិខិតសរសើរ។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថែមទាំងកោតសរសើរចំពោះសាលាអាមេរិកាំងហ្គោឌិនហ្គេត ដែលបាននាំយកនូវកម្មវិធី IB ដែលជាកម្មវិធីសិក្សាអន្តរជាតិមានការទទួលស្គាល់នូវទូទាំងពិភពលោក មកបង្រៀនសិស្សានុសិស្សកម្ពុជាផងដែរ។
បន្ថែមពីនេះ ស្របជាមួយនឹងយុគ្គសម័យថ្មី ជាពិសេសសម័យបច្ចេកវិទ្យា លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលបញ្ចប់ការសិក្សា និងត្រៀមបន្តការសិក្សា ត្រូវមានបំនិនមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ជាពិសេសចំណេះដឹងខាងផ្នែកឌីជីថល។
លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាបានសម្តែងការកោតសរសើរចំពោះ សាលាអាមេរិកាំងហ្គោឌិនហ្គេតដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមចំណែកជាមួយក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពសម្រាប់ប្រទេសជាតិ និងបាននាំយកកម្មវិធីសិក្សាកម្រិតអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជា ដូចជាកម្មវិធី IB ជាដើម។
ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកានៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់ នៃការអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាពដើម្បីឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា សំដៅពង្រឹងបន្ថែមលើចំណេះដឹងទូទៅជាមូលដ្ឋាន ជំនាញភាសាបរទេស បច្ចេកវិទ្យា សុជីវធម៌ក្នុងការរស់នៅ គុណធម៌ កតញ្ញូតាធម៌ និងបណ្តុះគំនិតសិស្សានុសិស្ស ឱ្យមានចំណេះដឹង មានការគិតពិចារណា មានគំនិតច្នៃប្រឌិត មានទំនាក់ទំនងល្អ មានភាពជាអ្នកដឹកនាំ មានការស្វែងរកអ្វីៗដែលថ្មី ការបើកចិត្តគំនិត មានតុល្យភាព ចេះចូលរួមចែករំលែក ដែលនាំឱ្យកុលបុត្រកុលធីតាយើងក្លាយជាពលរដ្ឋប្រកបដោយគតិបណ្ឌិតទៅថ្ងៃ អនាគត ដែលមិនអាចខ្វះបាន។
បើតាមអគ្គនាយិកានៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត តាមរយ:ការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសមិទ្ធផល សិស្សានុសិស្សបានបញ្ចប់ការសិក្សាឆ្នាំ២០២៤-២០២៥នេះ មានចំនួន ៣៨៧នាក់។ ក្នុងនោះរួមមាន៖
- កម្រិតមត្តេយ្យសិក្សា កម្មវិធីចំណេះទូទៅអាមេរិកាំង និងកម្មវិធីIB ចំនួន៤៥នាក់
- កម្រិតបឋមសិក្សា ភាសាខ្មែរ កម្មវីធីចំណេះទូទៅអាមេរិកាំង កម្មវិធី IB PYP និងកម្មវិធីចំណេះទូទៅ ភាសាចិន ចំនួន១៣៤នាក់
-កម្រិតមធ្យមសិក្សាបឋមភូមិ ភាសាខ្មែរ កម្មវិធីចំណេះទូទៅអាមេរិកាំង កម្មវិធី IB MYP ចំនួន ១១៥នាក់
-និង កម្រិតមធ្យមសិក្សាទុតិយភូមិភាសាខ្មែរ កម្មវិធីចំណេះទូទៅអាមេរិកាំង កម្មវិធីIB DP ចំនួន៩៣នាក់ ហើយសាលាមានក្តីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស នឹងទទួលបាននូវការអប់រំដ៏ល្អបំផុត ដែលអាចជួយឲ្យពួកគាត់កាន់តែជោគជ័យ ក្នុងការសិក្សាកម្រិតឧត្តម ទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមគ្នានេះ អាណាព្យាបាលសិស្ស ដែលបានមកអបអរសាទរកូនក្នុងថ្ងៃបញ្ចប់ការសិក្សា បានសម្តែងការពេញចិត្តចំពោះកម្មវិធីសិក្សារបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលធ្វើឱ្យកូនៗរបស់ពួកគាត់ ក្លាយជាសិស្សពូកែ និងជាធនធានដ៏មានគុណភាពក្នុងសង្គម៕