(បរទេស)៖ ក្រុមហ៊ុនយក្ស Meta បានព្យាយាមទិញក្រុមហ៊ុន AI ថ្មីមួយឈ្មោះ «Safe Superintelligence» ឬហៅកាត់ថា (SSI) ដែលត្រូវបានបង្កើតឡើងដោយ Daniel Gross និង Ilya Sutskever ខណៈការចង់ទិញយកនេះគឺក្នុងតម្លៃប្រហែល ៣០ពាន់លានដុល្លារ ប៉ុន្តែបានបរាជ័យ ដោយសារការបដិសេធពីលោក Sutskever។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ដំណឹងនេះបានកើតមានឡើង បន្ទាប់ពីលោក Mark Zuckerberg បានជួល CEO ក្រុមហ៊ុន Scale AI លោក Alexandr Wang កាលពីសប្តាហ៍មុន ដែលជាផ្នែកមួយនៃការវិនិយោគចំនួន ១៤.៣ ពាន់លានដុល្លារក្នុងការចាប់ផ្តើមបង្កើតបញ្ញាសិប្បនិមិត្ត AI។ ងាកមក ដំណឹងខាងលើនេះ បើទោះបីជា Meta បរាជ័យទិញយកក្រុមហ៊ុនក្តី​ តែបានប្តូរយុទ្ធសាស្ត្រដោយកំពុងពិភាក្សាជួល CEO នៃក្រុមហ៊ុន SSI នេះមកធ្វើការជំនួសវិញ។

លោក Daniel Gross ជាអតីតអ្នកដឹកនាំផ្នែក AI របស់ Apple និងជាស្ថាបនិក SSI ដែល Meta កំពុងពិភាក្សាជួលមកធ្វើការ។ Meta ក៏កំពុងពិភាក្សាជាមួយ Nat Friedman អតីត CEO របស់ GitHub និងជាដៃគូរបស់ Gross ក្នុងវិស័យវិនិយោគ (NFDG) ដើម្បីទិញភាគហ៊ុនខ្លះៗក្នុងមូលនិធិវិនិយោគនោះ។ ក្រុមហ៊ុន Meta មានគោលបំណងចូលរួមក្នុងគម្រោង AI ដ៏សំខាន់ៗដែលបានគាំទ្រដោយ NFDG។ ជ្រើសរើស Gross គឺមានន័យថា Meta អាចទទួលបានចំណេះដឹងសំខាន់ៗពីវិស័យ AGI (សូចនាករ​បញ្ញាសិប្បនិម្មិតជាសកល) ដែលមានសុវត្ថិភាព។ ការទិញមូលនិធិ NFDG មួយផ្នែកក៏អាចឲ្យ Meta ចូលរួមក្នុងការវិនិយោគនៅក្នុងបច្ចេកវិទ្យា AI ដ៏ទាន់សម័យ ដោយមិនចាំបាច់ទិញជាលក្ខណៈពេញលេញ។

គួរជម្រាបថា ក្រុមហ៊ុន SSI ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដោយ Ilya Sutskever, Daniel Gross និង Daniel Levy ដោយមានបេសកកម្មបង្កើត AI ដ៏ឆ្លាតវៃក្នុងវិធីសុវត្ថិភាព។ ចាប់តាំងពីខែមីនា ឆ្នាំ២០២៥មក ក្រុមហ៊ុន SSI ត្រូវបានវាយតម្លៃថាអាចមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ។ នាពេលបច្ចុប្បន្ននេះ Meta កំពុងជ្រើសរើសអ្នកស្រាវជ្រាវ AI កម្រិតខ្ពស់ប្រមាណ ៥០នាក់សម្រាប់គម្រោងបង្កើត AGI ដ៏ធំរបស់ខ្លួន៕