(បរទេស)៖ លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group កំពុងពិចារណាបង្កើតគម្រោងឧស្សាហកម្មដ៏ធំមួយដែលមានតម្លៃ ១ ទ្រីលានដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដើម្បីផលិតមនុស្សយន្ត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg News និងត្រូវចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
គម្រោងនេះមានឈ្មោះថា «Project Crystal Land» គឺមានបំណងនាំយកការផលិតបច្ចេកវិទ្យាទំនើបៗត្រឡប់មកសហរដ្ឋអាមេរិកវិញ និងបង្កើតមជ្ឈមណ្ឌលផលិតកម្មដ៏ធំស្រដៀងទៅនឹងទីក្រុង Shenzhen របស់ចិន។ Bloomberg បានគូសបញ្ជាក់ថា SoftBank កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ហើយបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick អំពីលទ្ធភាពនៃការលើកលែងពន្ធ។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ពីតួនាទីជាក់លាក់របស់ TSMC ក្នុងគម្រោងនេះនៅឡើយទេ ហើយក៏មិនដឹងថាតើក្រុមហ៊ុនតៃវ៉ាន់នេះចាប់អារម្មណ៍ចូលរួមដែរឬអត់។ TSMC កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិករួចហើយជាមួយការវិនិយោគ ១៦៥ ពាន់លានដុល្លារ។ លោក Son ក៏កំពុងស្វែងរកចំណាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា Samsung Electronics ផងដែរ។
គួរជម្រាបថា ផែនការនេះកំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ហើយលទ្ធភាពនៃការសម្រេចបានអាស្រ័យលើការគាំទ្រពីរដ្ឋបាលលោក Trump និងមន្ត្រីរដ្ឋ។ ជុំវិញរបាយការណ៍នេះ ទាំង SoftBank និង TSMC បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ៕