(ឌូបៃ)៖ កីឡាករបាល់ទាត់ Quincy Promes ដែលធ្លាប់លេងឱ្យក្លិប Ajax ត្រូវបានឃាត់ខ្លួននៅទីក្រុង Dubai កាលសប្តាហ៍មុន ដើម្បីបញ្ជូនមកកាត់ទោសជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំកន្លះ ពីបទចែកចាយគ្រឿងញៀន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ចេញពីក្លិប Spartak Moscow របស់រុស្ស៊ី ដើម្បីទៅចូលរួមជាមួយក្រុម Dubai United របស់ប្រទេសអារ៉ាប់រួម (UAE) កាលឆ្នាំ២០២៤ ជាទីដែល Promes ត្រូវបានចាប់ខ្លួន ក្រោមសំណើរបស់ប៉ូលីសហូឡង់ ក្នុងការធ្វើបត្យាប័ននាំខ្លួនមកកាន់ទឹកដីអឺរ៉ុបវិញ ដើម្បីដាក់គុក។
Promes ដែលធ្លាប់បង្ហាញខ្លួនបាន ៥០ប្រកួតជាមួយក្រុមជម្រើសជាតិទឹកក្រូចហូឡង់ចាប់តាំងពីឆ្នាំ២០១៤ មកនោះ ត្រូវបានតុលាការហូឡង់កាត់ទោសជាប់ពន្ធនាគារ ៦ឆ្នាំនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ពីបទរត់ពន្ធសារធាតុកូកាអ៉ីនជាង ១តោនចូលក្នុងប្រទេសហូឡង់ពីប៊ែលហ្សិក ក្នុងឆ្នាំ២០២០។
កន្លងមករូបគេ ក៏ធ្លាប់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១៨ខែមកផងដែរ ពីបទបង្ករបួសស្នាមនៅត្រង់ជង្គង់ទៅលើបងប្អូនជីដូនមួយនាឆ្នាំ២០២០ ដូចគ្នា ក៏ប៉ុន្តែទោសទណ្ឌនេះត្រូវបានព្យួររហូតដល់បច្ចុប្បន្ន ស្របពេល Promes តែងតែបានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំង ២ករណីនេះជានិច្ច៕