(ភ្នំពេញ)៖ កម្មវិធីកញ្ញាឯកចក្រវាឡ ឆ្នាំ២០២៥ រដូវកាលទី២ ពេលនេះបានសម្រេចចុះកិច្ចព្រមព្រៀងចាប់ដៃគូសហការជាមួយក្រុមហ៊ុន Unilever (Limited) Cambodia ក្នុងការចូលរួមឧបត្ថម្ភដល់កម្មវិធី ដំណើរឆ្ពោះទៅកាន់កញ្ញាឯកចក្រវាឡឆ្នាំ ២០២៥នេះ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់នារីខ្មែរ។

លោក ឈួង យីវឆួយ ប្រធានគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡ បានឱ្យដឹងនៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងថា នេះជាជំហានថ្មីមួយទៀតដ៏ធំ ដែលស្ថាប័នទាំង២ មានគុណតម្លៃស្នូលដូចគ្នាចូលរួមជាមួយគ្នា ក្នុងការលើកកម្ពស់ស្ត្រី ការផ្តល់ឥទ្ធិពលដល់ស្ត្រី ការកសាងភាពជឿជាក់ និងសម្រស់ទាំងក្នុង និងខាងក្រៅ ក៏ដូចជាជម្រុញស្ត្រីកម្ពុជាឲ្យមានលទ្ធភាព និងឱកាសបានចែងចាំង ទាំងលើឆាកជាតិ និងអន្តរជាតិ។

លោកបន្តថា «ខ្ញុំសូមសម្តែងនូវភាពរីករាយ និងសាទរចំពោះវត្តមានរបស់ក្រុមហ៊ុន Unilever Cambodia ដែលបានចូលរួមឧបត្ថម្ភដល់កម្មវិធីយើងខ្ញុំ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ ឬ Main Sponsor ដែលការចូលរួមឧបត្ថម្ភនេះ មិនមែនគ្រាន់តែជាការជួយសម្រួលដល់ ដំណើរការកម្មវិធីតែប៉ុណ្ណោះទេ តែវាជាការបង្ហាញនូវភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះសក្តានុពលនៃស្ត្រីខ្មែរជំនាន់ថ្មី ក្នុងភាពជាអ្នកដឹកនាំ (Inspiration) និងឥទ្ធិពលវិជ្ជមានដែលស្ត្រីខ្មែរ អាចផ្តល់ទៅកាន់សង្គមជាតិ និងពិភពលោក»

ជាមួយគ្នានេះ ឆ្លើយតបនឹងសំណួរ តើគម្រោងនានានៃការប្រកួតមានការប្រែប្រួលទេ ខណៈដែលអ្នកគាំទ្រព្រួយបារម្ភអំពីកម្មវិធីដែលនឹងត្រូវធ្វើឡើងនៅប្រទេសថៃ ហើយពេលនេះប្រទេសថៃនិងកម្ពុជាកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកពីបញ្ហាព្រំដែន?

លោក ឈួង យីវឆួយ បានបញ្ជាក់ថា សម្រាប់ការដំណើរការកម្មវិធីនេះ អ្វីដែលជាគៅលដៅរបស់កម្មវិធី គឺផ្តោតទៅលើភាពវិជ្ជាមាន ដូច្នេះទិសដៅរបស់យើងធ្វើកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ឱ្យរួចរាល់នឹងជោគជ័យ ហើយឱ្យអធិកអធមដែលនេះជាជោគជ័យរបស់យើង។

លោកបានរំលេចថា «សម្រាប់ស្ថានការណ៍ទៅថ្ងៃខាងមុន យើងសូមអត់ទាត់គិតដល់ និងអត់ហ៊ានបញ្ជាក់ ខ្ញុំជឿថារដ្ឋាភិបាលទាំងសងខាងនឹងរកដំណោះស្រាយ នឹងអាចដោះស្រាយគ្នាដោយសន្តិវិធីហើយនឹងរស់នៅដោយសន្តិភាព»

លោកបន្តទៀតថា ក្នុងកិច្ចសហការនេះ និមិត្តសញ្ញាធំៗចំនួន ៤របស់ក្រុមហ៊ុន Unilever គឺ PONS'S, Vaseline, Dove, និង LUX នឹងនៅពីក្រោយដំណើរការប្រកួតរបស់សុភាពស្ត្រីទាំង ២០រូបរបស់យើង ហើយផលិតផលនៃផ្លាកសញ្ញាទាំង៤នេះ នឹងបង្ហាញពីការយកចិត្តទុកដាក់ (spirit of care) ភាពជឿជាក់ (confidence) និងការផ្លាស់ប្តូរ (transformation) ហើយផ្លាកសញ្ញាទាំង៤ យើងមានលទ្ធភាពអាចផ្តល់ជូន ដល់សុភាពស្ត្រីទាំង ២០រូប នូវសម្ភារៈ ការបណ្តុះបណ្តាល និងការថែទាំដែលពួកគេត្រូវការ៕