(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារ អ៊ឹមប៊ី ខេមបូឌា ម.ក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់អតិថិជនដែលមានបំណងទិញគេហដ្ឋានថ្មី នៅក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ មានគោលបំណងសម្រួល ការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជន ឱ្យកាន់តែងាយស្រួល និងប្រសើរជាងមុន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ របស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រួមជាមួយការផ្តល់នូវប្រភេទលំនៅឋានដ៏ប្រណីតរបស់គម្រោង មានជ័យ រ៉េស៊ីដិនស៍។

អតិថិជន នឹងទទួលបានជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប ជាមួយអត្រាការប្រាក់ប្រកួតប្រជែង ថែមទាំងអាចទទួលបាន កម្ចីរយៈពេលរហូតដល់៣០ឆ្នាំ និងការផ្តល់ជូនឥតបង់ប្រាក់ដើម សម្រាប់រយៈពេល ៣៦ខែ។

លោកស្រី លឹម លក្ម្សី អគ្គនាយិការងនៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន និងជាតំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ បានថ្លែងថា «កិច្ចសហការរវាងក្រុមហ៊ុនយើងទាំងពីរ មានមូលដ្ឋានលើសេចក្ដីទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងចក្ខុវិស័យនៃការបង្កើតផលចំណេញ សម្រាប់អតិថិជន និងបង្កើនវឌ្ឍនភាពនៅតំបន់ស្នូលនៃមហាវិថីសម្ដេច ហ៊ុន សែន»

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានថ្លែងថា «យើងមានភាពរីករាយជាខ្លាំង ក្នុងការធ្វើជាដៃគូសហការជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដើម្បីជួយសម្រួលដល់ការក្លាយជាម្ចាស់លំនៅឋាន របស់អតិថិជនឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុន»

លោក Nguyen Anh Khanh បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្តល់ជូននូវអត្ថប្រយោជន៍ជាខ្លាំងដល់អតិថិជន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយទំនុកចិត្តរបស់យើង»។

ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែប ដោយផ្តោតលើតម្រូវការរបស់អតិថិជនជាសំខាន់។ ការផ្តល់ជូននេះ ក៏បានកើតឡើងស្របពេលជាមួយនឹងការកើនឡើង នៃតម្រូវការលំនៅឋានប្រកបដោយស្តង់ដារគុណភាព និងតំបន់ដែលមានសក្ដានុពលខ្ពស់។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន និងធនាគារ អ៊ឹមប៊ី ខេមបូឌា បាននឹងកំពុងចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការកសាងអនាគតឱ្យកាន់តែប្រសើរឡើង៕