(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញការងារមួយចំនួនពាក់ព័ន្ធវិស័យទេសចរណ៍ និងវិស័យសិល្បៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក សេត គឹមសឿន អ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានលើកឡើងថា ការជួបជុំពិភាក្សារបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាចចាត់ទុកថាជាជំនួបពិសេសមួយ ក្នុងអាណត្តិទី៦ នៃសមាគមសិល្បករខ្មែរ ក៏ដូចជាអាណត្តិដំបូងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្រសួងនេះផ្ទាល់។

នៅក្នុងជំនួបនេះ គឺជាការពិភាក្សា ស្វែងរកចំណុចនៃការរួបរួមគ្នា ជាចំណុចដែលអាចជួយគ្នានៅក្នុងក្របខ័ណ្ឌ រវាងក្រសួងទេសចរណ៍ និងសមាគម ដើម្បីធ្វើកិច្ចការពិសេសណាមួយ ដែលជាការរួមចំណែកជួយនៅក្នុងវិស័យសិល្បៈវប្បធម៌ និងវិស័យទេសចរណ៍ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាងមួយឆ្នាំនេះសមាគមសិល្បករខ្មែរ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង គឺមានភាពល្អប្រសើរ ដោយជាងមួយឆ្នាំជារយៈពេលខ្លី ប៉ុន្តែសមាគមអាចបង្កើតសមិទ្ធផលបានជាច្រើន នៅក្នុងការជួយដល់សិល្បករ-សិល្បការិនី ក៏ដូចជាចូលរួមជាមួយក្រសួងស្ថាប័នធំៗ ដែលជាការរួមចំណែកលើកស្ទួយដល់ ចំណែកណាមួយនៃប្រទេសជាតិ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានគូសបញ្ជាក់ផងដែរពីសមិទ្ធផល ដែលមានភាពផុលផុស របស់ក្រសួងទេសចរណ៍នៅក្នុងរយៈពេល ៩ខែ ក្នុងពេលដែលលោករដ្ឋមន្ត្រី បានធ្វើការផ្លាស់មកកាន់នៅក្រសួងទេសចរណ៍នេះ ដែលទាំងនេះហើយ ជាចំណុចធ្វើឲ្យមានការទាក់ទាញជាច្រើន សម្រាប់វិស័យទេសចរណ៍កម្ពុជា ។

នៅក្នុងជំនួបពិភាក្សានេះ ទាំងអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ និងទាំងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាទៅលើចំណុចសំខាន់ៗមួយចំនួនដែល និងរកចំណុចរួមមួយ អាចជួយគ្នាទៅវិញទៅមក ក្នុងវិស័យទេសចរណ៍បាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីមានជំងឺកូវីដ-១៩ រាតត្បាត រហូតមកដល់ពេលនេះ នៅតែមានបញ្ហាជាច្រើនដែរ ដូចជាបញ្ហាជម្លោះនៅឯមជ្ឈឹមបូព៌ា បញ្ហាពិភពលោកជាច្រើនទៀត។ ដូច្នេះ ទាល់តែក្រសួង ឬក៏ស្ថាប័នផ្សេងៗចាប់ដៃគ្នា ក្នុងចំណែកណាមួយ ដើម្បីជួយបំផុសបំផុល ក៏ដូចជាកសាងសមិទ្ធផលថ្មីៗ សម្រាប់វិស័យទេសចរណ៍ វប្បធម៌របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ ។

ជារួមនៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្ដោតទៅលើ ការស្វែងរកចំណុចពិសេស ដើម្បីសិក្សាពីគ្នាទៅវិញទៅមក ដើម្បីបង្កើតព្រឹត្តិការណ៍ណាមួយ ជាលក្ខណៈជាតិផង និងជាលក្ខណៈអន្តរជាតិផង ដែលជាចំណែកនៃការផ្សព្វផ្សាយ ក្នុងវិស័យទេសចរណ៍ ដោយរកឱកាសណាមួយសមរម្យ អញ្ជើញសិល្បករអន្តរជាតិ ចូលរួមនៅក្នុងព្រឹត្តិការណ៍ណាមួយ មករួមចំណែកនៅក្នុងសកម្មភាពផ្សេងៗក្នុងប្រទេសកម្ពុជាយើង ដើម្បីបង្ហាញអំពីសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជាផង ក៏ដូចជាបង្ហាញសិល្បៈ វប្បធម៌ របស់កម្ពុជាទៅអន្តរជាតិផង ព្រោះជាការជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជាវិស័យទេសចរណ៍ ឱ្យកាន់តែទូលំទូលាយផងដែរទៅកាន់ពិភពលោក។

នៅក្នុងរយៈពេលជាងមួយឆ្នាំនេះ សមាគមសិល្បករខ្មែរ បានជួយទៅដល់ការងារសង្គមជាច្រើនមានទាំងប្រយោល និងមានទាំងជួយដោយផ្ទាល់ ដោយបានរៀបចំជាព្រឹត្តិការណ៍សិល្បៈផ្សេងៗ ហើយបានផ្សព្វផ្សាយអំពីវប្បធម៌ ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ជាដើម។ ដោយកន្លងមកបានធ្វើការជាមួយនឹងស្ថាប័នជាច្រើនដូចជាសភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក ដូចជាព្រឹត្តិការណ៍សាទរកម្ពុជា អង្គរសង្ក្រាន្ត ស្នាមញញឹមនៃកម្ពុជាជាដើម សុទ្ធសឹងតែជាការរួមចំណែកបំផុសបំផុលសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះក្នុងឆ្នាំ២០២៥ សមាគមសិល្បករខ្មែរ នឹងមានគម្រោងរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាម្ដងទៀត ដែលសមាគម និងចាប់ដៃជាមួយនឹងក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំនូវព្រឹត្តិការណ៍នេះ ក្នុងកម្រិតណាមួយ ក្រោយពីព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី១និងលើកទី២ ធ្វើនៅទឹកដីខេត្តសៀមរាប ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង បានជម្រាបជូនលោករដ្ឋមន្ត្រីថា សមាគមសិល្បករខ្មែរ មានគម្រោងរៀបចំស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីខេត្តបាត់ដំបង នាពេលខាងមុខ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍នេះ ដោយជំរុញឱ្យមានការចូលរួមធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅដោយជោគជ័យ៕