(ភ្នំពេញ)៖ ជាទូទៅតាមផ្លូវច្បាប់ អ្នកដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដែលជាអនីតិជន គឺជាអ្នកមានអំណាចមេបា ដែលច្បាប់បានកំណត់ថា ជាអ្នកដែលមានសិទ្ធិ និងករណីយកិច្ច ត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជននិងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន ហើយអ្នកមានអំណាចមេបាអាចជា ឪពុក ឬ ម្ដាយរបស់កូននោះ ។ ថ្វីបើអ្នកមានអំណាចមេបា មានសិទ្ធិអំណាចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដែលជាអនីតិជនក៏ពិតមែន ប៉ុន្តែការគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងនោះ អ្នកមានអំណាចមេបា គឺត្រូវគិតពីឧត្តមប្រយោជន៍របស់កូនដោយគោរពទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ។
ក្នុងករណីដែលអ្នកមានអំណាចមេបា បានអនុវត្តផ្ទុយទៅនឹងលក្ខខណ្ឌដែលច្បាប់បានកំណត់ ឬបានបង្ហាញសកម្មភាពឱ្យបានឃើញថាជាការធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ដល់ទ្រព្យសម្បត្តិរបស់កូន ក្នុងអំឡុងពេលមានឋានៈជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន នោះអ្នកមានអំណាចមេបា នឹងត្រូវបានតុលាការធ្វើការព្យួរ ឬអាចដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន តាមការដាក់ពាក្យសុំពីបុគ្គលពាក់ព័ន្ធបាន ។
តើមានកត្តាអ្វីខ្លះដែលអាចនាំឱ្យមានការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនពីអ្នកមានអំណាចមេបា ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនពីអ្នកមានអំណាចមេបា» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។
ចំពោះទ្រព្យសម្បត្តិរបស់កូនដែលជាអនីតិជនត្រូវមានអ្នកមានអំណាចមេបាជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិទាំងនោះ ហើយទ្រព្យសម្បត្តិរបស់កូន គឺជាកម្មសិទ្ធិរបស់កូនទាំងស្រុង ដោយសកម្មភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនសង្កត់ធ្ងន់លើភាពជាករណីយកិច្ច ជាងភាពជាសិទ្ធិ ។
ក្រមរដ្ឋប្បវេណី មាត្រា ១០៥៣ បានបញ្ញាត្តិថា «អ្នកមានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ច ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងក្នុងការតំណាងឱ្យកូននោះ ចំពោះសកម្មភាពដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិនោះ ។ ប៉ុន្តែបើសកម្មភាពរបស់អ្នកមានអំណាចមេបា បង្កើតកាតព្វកិច្ច ដែលមានកម្មវត្ថុជាសកម្មភាពរបស់កូននោះ អ្នកមានអំណាចមេបា ត្រូវទទួលការយល់ព្រមពីកូននោះ»។
គួរបញ្ជាក់ថា មាត្រាដែលបានលើកឡើងខាងលើនេះថ្វីបើបានផ្ដល់សិទ្ធិឱ្យអ្នកមានអំណាចមេបា ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនក៏ពិតមែន ប៉ុន្តែនៅតែរំលេចឱ្យឃើញថា ការគ្រប់គ្រងនោះ គឺត្រូវតែគិតពីប្រយោជន៍របស់កូនដែលជាអនីតិជនជាធំផងដែរ ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់កូននោះឡើយ ។ ដូច្នេះ អ្នកដែលមានអំណាចមេបា មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ឬ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លូន នូវទ្រព្យសម្បត្តិរបស់កូន សម្រាប់ផលប្រយោជន៍របស់ខ្លួន ឬ របស់តតិយជនឡើយ ។ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលគ្រប់គ្រងអ្នកមានអំណាចមេបាត្រូវមានភាពស្មោះត្រង់ ដោយមិនត្រូវបានអនុញ្ញាតឱ្យគៃបន្លំធ្វើឱ្យចុះថយ ឬ ធ្វើឱ្យសឹករេចរឹល ឬធ្វើឱ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់កូនឡើយ ។ ក្នុងករណីដែលអ្នកមានអំណាចមេបាធ្វើសកម្មភាពបំពានករណីយកិច្ចប្រុងប្រយ័ត្ននៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន នោះវានឹងក្លាយជាអំពើអនីត្យានុកូល ហើយបញ្ហា នៃសំណងការខូចខាតនឹងកើតឡើង ដោយអាចនាំឱ្យមានការព្យួរ ឬ ការដកហូត សិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ របស់កូន ពីអ្នកមានអំណាចមេបានោះ តាមរយៈផ្លូវតុលាការថែមទៀត ។
គួរបញ្ជាក់ផងដែរថា ក្នុងករណីនេះតុលាការអាចធ្វើការប្រកាសព្យួរ ឬ ដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិនោះ តាមការទាមទាររបស់ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូន (ឪពុក, ម្ដាយ, ជីដូន, ជីតា, ជីទួត, បងប្អូនរបស់ជីដូនជីតា, ជីដូនមួយ) មេឃុំ ឬ ចៅសង្កាត់ នាយកមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬ តំណាងអយ្យការបាន នេះដោយយោងតាមមាត្រា ១០៦១ នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាករណីឧទាហរណ៍ ៖ លោក “ក” ជាអ្នកមានអំណាចមេបាលើកូនឈ្មោះ “ខ” ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនឈ្មោះ “ខ” ជាផ្ទះល្វែងមួយកន្លែងនៅទីក្រុងភ្នំពេញស្ថិតក្នុងបុរី A ដែលជីតារបស់ឈ្មោះ “ខ” ប្រគល់ឱ្យតាមរយៈប្រទានកម្ម ។ បន្ទាប់ពី លោក “ក” បានទទួលកាតព្វកិច្ចគ្រប់គ្រងផ្ទះនោះជំនួសកូនហើយលោក “ក” មិនបានថែរក្សាផ្ទះនោះឱ្យបានល្អឡើយ ដោយទុកផ្ទះចោលឱ្យមានសភាពចាស់ទ្រុឌទ្រោម និងបាត់បង់នូវសោភណភាព ដែលបណ្ដាលឱ្យផ្ទះនោះមានការធ្លាក់ចុះនូវតម្លៃជាខ្លាំង ។ ចំពោះសកម្មភាពដែលលោក “ក” បានធ្វើនេះកំពុងតែប្រព្រឹត្តផ្ទុយនឹងច្បាប់ ដោយនាំឱ្យបាត់បង់នូវផលប្រយោជន៍របស់កូនឈ្មោះ “ខ” ។ ហេតុនេះហើយ ញាតិក្នុង ៤ (បួន) ថ្នាក់ របស់ឈ្មោះ “ខ” មេឃុំ ឬ ចៅសង្កាត់ នាយកមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬ តំណាងអយ្យការ អាចធ្វើការទាមទារឱ្យតុលាការធ្វើការប្រកាសព្យួរ ឬ ដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងផ្ទះនោះពីលោក “ក” បាន ដើម្បីចៀសវាងការបាត់បង់នូវផលប្រយោជន៍របស់ឈ្មោះ “ខ” កាន់តែច្រើនថែមទៀត ។
សរុបជារួមមកអ្នកមានអំណាចមេបា ដែលមានកាតព្វកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន គឺត្រូវតែមានទំនួលខុសត្រូវខ្ពស់ ដោយគិតគូរដល់ការការពារផលប្រយោជន៍ទ្រព្យសម្បត្តិរបស់កូនដែលជាអនីតិជន ដើម្បីចៀសវាងការបាត់បង់នូវផលប្រយោជន៍ដែលអនីតិជនត្រូវទទួលបានពីទ្រព្យសម្បត្តិរបស់ខ្លួន ដែលបណ្ដាលមកពីសកម្មភាពមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជាណាមួយរបស់អ្នកមានអំណាចមេបា ។
រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕