(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញឲ្យមនុស្សគ្រប់វ័យចូលរួមលេងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពឲ្យបានល្អប្រសើរ បន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងការលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យនៅទូទាំងពិភពលោក។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រារព្ធខួបលើកទី១៣១ នៃទិវាអូឡាំពិក “Olympic Day” ឆ្នាំ២០២៥ ដោយមានកីឡាករ-កីឡាការិនីជម្រើសជាតិ និងសិស្សានុសិស្សចូលរួមប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំឡើងក្រោមមូលបទ “ធ្វើចលនាទាំងអស់គ្នា - Let's Move” ជាមួយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ដែលបានដាក់ចេញនៅក្នុងយុទ្ធបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទិវាដ៏មានសារៈសំខាន់សម្រាប់ចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកទូទាំងពិភពលោកក្នុងការ រៀបចំដើម្បីរំលឹកអំពីការបង្កើតចលនាអូឡាំពិកសម័យទំនើប ដែលផ្តួចផ្តើមបង្កើតឡើងវិញដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។
លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាំក់ថា អង្គការ WHO បានបង្ហាញក្តីបារម្ភ ចំពោះបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងការលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យ ដោយយោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ WHO បានបង្ហាញថាមនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៤នាក់ និង ៨០% នៃយុវជនមិនបានធ្វើលំហាត់ប្រាណ ឬលេងកីឡាឲ្យបានគ្រប់គ្រាន់តាមកម្រិតអប្បបរមា ដែលត្រូវការសម្រាប់ទទួលបានសុខភាពល្អនោះទេ។
តាមរយៈនេះ ទើបគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានយកឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី “ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ” សម្រាប់កុមារ និងយុវជន និង “៤៥នាទី ក្នុង ១ថ្ងៃ” សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោក ឲ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។
ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួនដល់សិស្សានុសិស្ស អំពីចលនាអូឡាំពិក និងទស្សនវិជ្ជាអូឡាំពិក។ ចលនាអូឡាំពិក គឺជាចលនាកីឡាទូទាំងពិភពលោក ក្នុងទិសដៅរួមចំណែកកសាងពិភពលោកប្រកបដោយសន្តិភាព និងកាន់តែស្រស់បំព្រង តាមរយៈកីឡាស្របតាមទស្សនវិជ្ជាអូឡាំពិក “To Build a Peaceful and Better World through Sport and Olympism” ជាមួយគុណតម្លៃស្នូលទាំង ៣ រួមមាន៖ ឧត្តមភាព ការគោរព និងមិត្តភាព ។
ប្រមុខចលនាអូឡាំពិកកម្ពុជាខាងលើបន្ដថា «ក្នុងឱកាសប្រារព្វទិវាអូឡាំពិកពេលនេះ ខ្ញុំសូមអំពាវនាវឲ្យក្មួយៗ យុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ជាមួយនឹងការបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅកម្ពុជា»៕