(បរទេស)៖ លោក Xabi Alonso អ្នកចាត់ការទូទៅក្លិប Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតករណីខ្សែការពាររបស់ខ្លួន Antonio Rudiger បានរងការរើសអើងជាតិសាសន៍ក្នុងកម្មវិធី Club World Cup 2025 នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែបញ្ចប់ការប្រកួត ដែលក្រុមរបស់អេស្ប៉ាញ Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣ទល់នឹង១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។

Rudiger បានទូលពិតប្រាក់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។

ភ្លាមៗនោះដែរ លោក Alonso ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ Real Madrid បានថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតថា «វាពិតជាមានហេតុការណ៍នោះកើតឡើងមែន។ ខ្ញុំជឿគាត់។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលុបបំបាត់ករណីរើសជាតិសាសន៍ក្នុងស្ថានភាពនេះ។ អ្វីដែលខ្ញុំនិយាយបាននៅពេលនេះ គឺថា FIFA បានកំពុងតែស៊ើបអង្កេតហើយ»

ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, ដកបញ្ឈរជើង និងលុបចោលប្រកួតចុងក្រោយតែម្តង ប្រសិនបើបញ្ហានៅតែបន្ត៕