(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) បានលើកឡើងថា កម្ពុជានៅតែត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ជាធម្មតា មិនទាន់មានអ្វីប្រែប្រួលឡើយ។

នេះបើតាមការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពីសំណាក់មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើ ក្នុងវេទិកាអត្តពលិកជាតិ និងទិវាអូឡាំពិក ឆ្នាំ២០២៥ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ ក្រោយមានការចោទសួរពីស្ថានការណ៍បច្ចុប្បន្ន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង ខណៈទីក្រុងបាងកក នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩-២២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កាលពីខែមុន ប្រតិភូអូឡាំពិកកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដោយមិនមានអ្វីប្រែប្រួល ក្រៅពីការស្វាគមន៍គ្នា ដោយភាពកក់ក្ដៅ ក្នុងចលនាកីឡាប៉ុណ្ណោះ ។ រីឯភាគីម្ចាស់ផ្ទះថៃ ក៏ត្រៀមទទួលស្វាគមន៍បណ្ដាប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ដោយភាពកក់ក្ដៅផងដែរ។

លោកបន្ដថា «កីឡាមិនបានបញ្ជាក់ពីការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ឬពាក់ព័ន្ធទៅនឹងអ្វីផ្សេងទៀត ដែលជះឥទ្ធិពលដល់ចលនាកីឡាទេ ព្រោះខាងអូឡាំពិកថៃ គឺនាយកប្រតិបត្តិស៊ីហ្គេមរបស់ថៃ បានបញ្ជាក់ហើយថា កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត នៅតែទទួលស្វាគមន៍ដោយភាពកក់ក្ដៅជានិច្ច ត្រៀមខ្លួនជានិច្ច ហើយភាគីអូឡាំពិកថៃ ក៏នៅតែកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលរៀបចំបានដ៏ល្អ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ដដែល»

«ចំពោះរឿងស៊ីហ្គេម នៅថៃ នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ សម្រាប់កម្ពុជាយើង ឃើញថាគ្មានអ្វីប្រែប្រួលនៅឡើយទេ យើងនៅតែត្រៀមលក្ខណៈជានិច្ច ហើយកីឡាករ-កីឡាការិនីរបស់យើង ក៏កំពុងតែត្រៀមចូលរួមការប្រកួតជាផ្លូវការធម្មតា។ អ៊ីចឹងយើសង្ឃឹមថា ស្ថានភាពកាន់តែល្អប្រសើរ ហើយការចូលរួមប្រកួតនេះ ក៏នៅតែចូលរួមប្រកួតតាមកាលកំណត់ធម្មតា»។ លោក វ់ាត់ ចំរើបន្ថែម។

តបនឹងសំណួរប្រសិនបើស្ថានភាពនយោបាយថៃមានការវិវឌ្ឍខ្លាំងទៅៗ តើអាចរាំងស្ទះដល់ការរៀបចំស៊ីហ្គេម ឬអត់? ប្រតិបត្ដិករកីឡាកម្ពុជាដដែល បានពន្យល់ថា ជាទូទៅក្នុងចលនាអូឡាំពិក ទោះបីជាមានបញ្ហាវិបត្តិ ឬសង្គ្រាមក៏ដោយ ក៏គេមិនចោលអត្តពលិកដែរ ជាក់ស្ដែងចូលរួមប្រកួតអូឡាំពិក កីឡាករចេញពីប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬប្រទេសដែលធ្លាប់មាន ឬក៏កំពុងកើតមានសង្គ្រាមក៏ដោយ ក៏គេឲ្យអត្តពលិកទៅចូលរួមប្រកួតដែរ។ នេះជាស្មារតីរបស់ចលនាអូឡាំពិក ដោយមិនគិតពីបញ្ហាសង្រ្គាម ឬមិនសង្គ្រាមទេ សំខាន់គឺការចូលរួម។

លោកថា «ការចូលរួម បានផ្ដល់នូវការជឿជាក់គ្នា យោគយល់គ្នា និងផ្ដល់នូវអត្ថន័យនៃសន្ដិភាពតាមផ្លូវចិត្តរបស់អត្តពលិក...។ អ៊ីចឹងយើងយកស្មារតីនេះ អត់មានគិតអ្វីក្រៅពីការខិតខំហ្វឹកហាត់ជំនាញរបស់ខ្លួន ត្រៀមទៅប្រកួតតែប៉ុណ្ណឹងទេ ទោះបីជាកាលៈទេសៈ ឬមានបញ្ហាអ្វីក៏ដោយ ទៅបាន នៅតែទៅចូលរួមប្រកួតធម្មតា ព្រោះកីឡា មិនបានឲ្យមានសម្ពាធអ្វីផ្សេង ក្រៅពីជំនាញទេ គឺទៅដើម្បីជំនាញ ដើម្បីមិត្តភាព សាមគ្គីភាព និងប្រកួតគ្នាប៉ុណ្ណោះ។ យើងយកស្មារតីនេះ ជាស្មារតីគោលរបស់ចលនាអូឡាំពិក ដែលបានចែងក្នុងធម្មនុញ្ញអូឡាំពិកថា កីឡាគ្មាននិន្នាការនយោបាយ គ្មានពណ៌សម្បុរ គ្មានការរើសអើងពូជសាសន៍ ដោយកីឡាត្រូវការ សន្ដិភាព កីឡាត្រូវការសេចក្ដីសុខ កីឡាត្រូវការរួបរួមគ្នា ដើម្បីទទួលបាននូវសុខដុមរមនារបស់មនុស្សលើពិភពលោក»

យ៉ាងណាមិញ លោក វ៉ាត់ ចំរើន បានបង្ហាញការជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសចំណាត់ការនានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយដោយសន្ដិវិធី តាមយន្ដការការទូត និងច្បាប់អន្ដរជាតិ ដើម្បីថែរក្សាសន្ដិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសជាតិខាង និងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាជំរុញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពកក់ក្ដៅសម្រាប់អត្តពលិកគ្រប់បណ្ដាប្រទេស ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ ២ឆ្នាំម្ដងនេះផងដែរ៕