(បរទេស)៖ មេឃខៀវ Manchester City ម្ចាស់ជើងឯកពាន FIFA Club World Cup ក្រោយគេបង្អស់កាលឆ្នាំ២០២៣ បានកក់កៅអីវគ្គ ១៦ក្រុមដូចទៅនឹងសេះបង្កង់ Juventus ដែរហើយ ក្រោយពេលយកឈ្នះគូប្រជែង Al-Ain មកពីអារ៉ាប់រួម ៦ទល់នឹង០។
ក្រុមមកពី UAE មួយនេះ បានរងបរាជ័យធ្ងន់ធ្ងរជាលើកទី២ ប្រចាំពូល G បន្ទាប់ពីបរាជ័យ ៥-០ ផងដែរ ក្រោមថ្វីជើងរបស់ Juventus កាលថ្ងៃបើកឆាក។
នេះមានន័យថា ក្រុមរបស់លោក Pep Guardiola មកពី Premier League បានរួមដំណើរជាមួយ Juventus មកពី Serie A ក្នុងការឆ្លងចូលវគ្គចាញ់-ធ្លាក់ជាបន្តទៀតនៅសហរដ្ឋអាមេរិក ជាទីដែលកម្មវិធី ៤ឆ្នាំម្តង Club World Cup 2025 បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១៤ ខែមិថុនាមក។
៦គ្រាប់នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឹននាក់ក្នុងកីឡដ្ឋាន Mercedes-Benz កីឡាករ Gundogan រកបាន ២គ្រាប់ម្នាក់ឯង នៅពេលមិត្តរួមក្រុម Erling Haaland, Echeverri, Bobb និងសមាជិកថ្មី Cherki រកបានម្នាក់ ១គ្រាប់ដូចគ្នា ដើម្បីរួមចំណែកជួយ City រកបាន ៣ពិន្ទុជាលើកទី២ បន្ទាប់ពីឈ្នះ Wydad ២-០ កាលថ្ងៃបើកឆាកពូល G៕