(ភ្នំពេញ)៖ ធនាគារ វីង បន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគថវិកា ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីទ្រទ្រង់សេវាសុខភាពឥតគិតថ្លៃ។ ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១២ នៅខេត្តសៀមរាប។ ថវិកាសប្បុរសធម៌នេះ នឹងជួយពង្រឹងការគាំទ្រដល់ដំណើរការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ មន្ទីរពេទ្យកុមារអង្គរ បានក្លាយជាពន្លឺនៃក្តីសង្ឃឹម សម្រាប់អាយុជីវិតរបស់ក្រុមគ្រួសារ ជាច្រើនទូទាំងប្រទេសកម្ពុជា។ ដោយត្រូវចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦លានដុល្លារអាមេរិក មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលកុមារប្រមាណ ប្រហែល ១០០.០០០នាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជន ពិតជាមានសារៈសំខាន់ណាស់ ដែលអនុញ្ញាតឱ្យមន្ទីរពេទ្យនេះអាចបន្ត ផ្តល់ការថែទាំនិងព្យាបាលកុមារដោយឥតគិតថ្លៃ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «យើងខ្ញុំពិតជាកោតសរសើរ និងរំភើបចិត្តចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់កុមារដែលមកពីសហគមន៍ខ្វះខាត។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មដ៏មានតម្លៃនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ ទាំងអស់គ្នា យើងអាចរួមចំណែកអភិវឌ្ឍធនធានអ្នកដឹកនាំជំនាន់ក្រោយ ហើយកសាងអនាគតដ៏ត្រចះត្រចង់ សម្រាប់សង្គមជាតិទាំងមូល»។
នេះគឺជាឆ្នាំទី៦ហើយ ដែលធនាគារ វីង បានចូលរួមគាំទ្របុព្វហេតុដ៏ថ្លៃថ្លា របស់មន្ទីរពេទ្យអង្គរ។ បន្ថែមពីលើការបរិច្ចាគថវិកា ធនាគារ វីង ក៏បានប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការរៃអង្គាសប្រាក់ សម្រាប់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យកុមារអង្គរផងដែរ។
សាធារណជនទាំងអស់អាចចូលរួម ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា តាមរយៈការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដោយគ្រាន់តែស្កេន វីង KHQR ខាងក្រោម។ រាល់ការបរិច្ចាគ មិនមានការគិតថ្លៃសេវាឡើយ ពីគ្រប់គណនីធនាគារក្នុងស្រុកទាំងអស់ ហើយចំនួនទឹកប្រាក់ទាំងស្រុងនឹងចូលទៅក្នុងគណនីធនាគារ របស់មន្ទីរពេទ្យដោយផ្ទាល់៕