(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ដើម្បីជាការអបអរពិធីបើកសម្ពោធស្ថានីយតេលាខ្មែរ ប្រកបដោយមោទកភាពសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងសហគមន៍ខ្មែរយើង ដែលក្រុមហ៊ុនខ្មែរបានសម្ពោធស្ថានីយតេលាខ្មែរថ្មី ជាមួយនឹងដៃគូអាជីវកម្មដំបូងគេបង្អស់ ជាប់វិទ្យាល័យជាស៊ីមសាមគ្គី នៅលើផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ។

ស្ថានីយប្រេងឥន្ទនៈតេលាខ្មែរមួយនេះ ជាកិច្ចសហការគ្នារបស់សហគ្រិនខ្មែរមួយរូប ក្នុងកម្មវិធីដៃគូអាជីកម្មស្ថានីយតេលាខ្មែរ។ កម្មវិធីនេះនឹងផ្ដល់ឱកាសឱ្យអាជីវករខ្មែរ ដើម្បីបើក និងគ្រប់គ្រងស្ថានីយតេលាខ្មែររបស់ខ្លួន ក្រោមការចុះកិច្ចព្រមព្រៀងគ្នារវាងសាមីខ្លួន​ និងក្រុមហ៊ុន។

លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងស្ថានីយប្រេងឥន្ទនៈតេលាខ្មែរ បានថ្លែងថា «នេះជាការប្ដេជ្ញាចិត្តដ៏មុះមុត ទៅលើពាក្យថា ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ នេះជាជំពូកមួយថ្មី សម្រាប់ក្រុមហ៊ុនក្នុងការពង្រីកបណ្ដាញស្ថានីយរបស់ខ្លួន ទៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពង្រឹងកិច្ចសហការជាមួយសហគ្រិនខ្មែរយើងឱ្យកាន់តែរឹងមាំ»

ការបើកសម្ពោធស្ថានីយតេលាខ្មែរ​ សាមគ្គី២៧១ បានទាក់ទាញការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជន និងដៃគូអាជីវកម្មផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃតារាចម្រៀង ឱក សុគន្ធកញ្ញា បានញ៉ាំងកម្មវិធីឱ្យកាន់តែពិសេស ដោយតារារូបនេះ បានបញ្ចេញសំនៀងរណ្ដំដល់បេះដូងអ្នកគាំទ្រ និងនាំស្នាមញញឹមក្នុងការអបអរសាទរ ក្នុងការបើកដំណើរការស្ថានីយតេលាខ្មែរ សាមគ្គី២៧១។
ការសម្ពោធនេះមានការបង្ហាញរថយន្តទំនើបៗ ​និងការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំតេលាខ្មែរ ទៅកាន់ដៃគូអាជីវកម្មតេលាខ្មែរ។ អតិថិជនបានចូលរួមជាមួយកម្មវិធីសប្បាយៗ ដូចជា ប្រូម៉ូសិន «ទិញសាំង ថែមសាំងហ្រ្វី» មានការថែមជូន ទឹកបរិសុទ្ធ ការ៉េម និងកាដូជាច្រើនពីហ្គេម «ការចូកយករង្វាន់»

លោកឧកញ៉ា ឈុន វ៉ាន់ឌី បានបញ្ជាក់បន្ថែមទៀតថា «តាមរយៈកិច្ចសហការជាមួយ ដៃគូអាជីវកម្មយើងដំបូង ក្រុមហ៊ុនកំពុងបង្ហាញពីស្មារតី “ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ” មិនត្រឹមតែជាពាក្យនិយាយធម្មតានោះទេ ប៉ុន្តែជាចលនាមួយដែលបង្កើតឱកាសក្នុងការលើកស្ទួយប្រជាជនខ្មែរ ឱ្យវិនិយោគ និងរីកចម្រើនទៅកាន់ភាពជោគជ័យ ជាមួយអនាគតរួមគ្នា»

លោកឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់សម្រាប់ការផ្ដល់ទំនុកចិត្ត និងការគាំទ្រមកលើផលិតផល និងសេវាកម្មរបស់តេលាខ្មែរ។

លោកស្រី សុន កែវរស្មី ជាដៃគូអាជីវកម្មស្ថានីយតេលាខ្មែរ ក៏បានបង្ហាញសមនស្សរីករាយ ថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងគ្រួសារតេលាខ្មែរ។ ខ្ញុំបានជ្រើសរើសតេលាខ្មែរ ដោយសារជាក្រុមហ៊ុនខ្មែរ ដែលមានគុណតម្លៃល្អ ផលិតផលប្រេងឥន្ធនៈគុណភាពខ្ពស់ ជាពិសេសបេសកកម្មរបស់ពួកគាត់ ក្នុងការលើកស្ទួយប្រជាជនខ្មែរ។ ខ្ញុំជឿជាក់ក្នុងការរីកចម្រើនរួមគ្នា ជាមួយស្ថានីយ ប្រេងឥន្ធនៈ បង្កើតឡើងដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ»

តេលាខ្មែរ នឹងបន្តបេសកកម្មក្នុងការបង្កើនបណ្ដាញស្ថានីយទូទាំងប្រទេស ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយសហគ្រិនខ្មែរ, បង្កើនការងារក្នុងស្រុក និងជម្រុញអនាគតប្រទេសជាតិតទៅមុខ៕