(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រំពឹងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខ នឹងមានកំណើនអ្នកចូលរួមពី ៤ពាន់ ទៅ ៥ពាន់នាក់ ស្របពេលវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ទទួលបានការចុះឈ្មោះរត់ពីប្រជាពលរដ្ឋខ្មែរច្រើនជាងគេ បើធៀបនឹងជនជាតិផ្សេងៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើ នៅទីស្នាក់ការ NOCC នៅថ្ងៃទី២៣ ខែមិថុនា លោកថា មកដល់ពេលនេះ មានអ្នកចុះឈ្មោះប្រមាណ ៣ពាន់នាក់ ស្មើនឹង ៥៧ជាតិសាសន៍ ហើយជនបរទេសចូលរួមច្រើនជាងគេ មានចិន ជប៉ុន ម៉ាឡេស៊ី និងអង់គ្លេសជាដើម ។ ប៉ុន្ដែទម្រាំដល់ថ្ងៃរត់ផ្លូវការ អាចមានកំណើនដល់ ៤ពាន់ ទៅ ៥ពាន់នាក់ ពោលគឺរំពឹងមានការកើនឡើងយ៉ាងហោចពី ២៥% ទៅ ៥០% បើធៀបនឹងឆ្នាំមុន ដែលមានអ្នកចូលរួមរត់ប្រមាណ ២,៨០០នាក់ប៉ុណ្ណោះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានពលរដ្ឋខ្មែរប្រមាណ ៦០០នាក់ ដែលបានចុះឈ្មោះរត់ចម្ងាយ ៤២គីឡូម៉ែត្រ។ នេះគឺជាតួរលេខដ៏ខ្ពស់ និងគួរឲ្យចាប់អារម្មណ៍ ដែលបញ្ជាក់ពីសុខភាពកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលមានជនបរទេសប្រមាណ ២០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះរត់ចម្ងាយឆ្ងាយនេះ។ «នេះជាចំណុចពិសេសមួយ យើងមានមោទនភាព ចំពោះសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ និងការយល់ពីអត្ថប្រយោជន៍របស់ពលរដ្ឋខ្មែរ ចំពោះការរត់ និងលេងកីឡា»។ លោក វ៉ាត់ ចំរើន បន្ថែម។

ទន្ទឹមនឹងខួបលើកទី១០ នៃព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរនេះ ដោយមានការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅខេត្តយូណាន ភាគីចិន ក៏បានបញ្ជូនអ្នករត់ ១០០នាក់ មកចូលរួម ដោយទទួលបានការអនុគ្រោះទិដ្ឋាការពីរាជរដ្ឋាភិបាលកម្ពុជា ។ រីឯគណៈកម្មការរៀបចំ ក៏បានផ្ដល់ការចុះឈ្មោះឥតគិតថ្លៃចំនួន ៥០នាក់។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល ក៏អនុញ្ញាតឲ្យ NOCC អញ្ជើញឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរនេះទៀតផង។

លោកបន្ដថា «យើងកំពុងតែរៀបចំនូវផែនការយុទ្ធសាស្ដ្រជាមួយដៃគូចិន នៅឆ្នាំក្រោយៗទៀត ព្រោះជាយុទ្ធសាស្ដ្ររបស់យើង ក្នុងការស្រូបទាញអ្នករត់ជនជាតិចិន យ៉ាងហោច ៥ពាន់នាក់ នាប៉ុន្មានឆ្នាំខាងមុខទៀត ដោយភាគីចិន បានធានាថា ២ ឬ ៣ឆ្នាំទៀត នឹងអាចឈានដល់គោលដៅនេះ ។ អ៊ីចឹងនេះជាអ្វីដែលយើងខិតខំប្រឹងរៀបចំ និងធ្វើការជាមួយក្រសួងទេសចរណ៍ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េចឲ្យការរៀបចំបានកាន់តែល្អប្រសើរ និងសុវត្ថិភាពខ្ពស់ដល់អ្នករត់ទាំងអស់គ្នា»

អគ្គលេខាធិការ NOCC ដដែលបន្ដថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង់(Green Season) ដែលមានការថយចុះភ្ញៀវទេសចរណ៍។ លើសពីនេះ គណៈកម្មការរៀបចំក៏តែងផ្សារភ្ជាប់ព្រឹត្តិការណ៍នេះ ទៅនឹងសកម្មភាពសប្បុរសធម៌ ដោយការកៀគរថវិកាសេសសល់ពីការរៀបចំ សម្រាប់បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារមួយចំនួនផងដែរ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ មាន ៤វិញ្ញាសា គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។ ជាមួយគ្នា លោកក៏បានអំពាវនាវដល់អ្នកមានបំណងចង់ចូលរួម រួសរាន់ធ្វើការចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូន ពិសេសគឺការចូលរួមឲ្យបានច្រើនកុះករ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជានេះលើឆាកអន្ដរជាតិ ក្នុងនាមសមាជិកគណៈកម្មាធិការម៉ារ៉ាតុងអន្ដរជាតិមួយ ក្នុងចំណោមសមាជិកទាំង ១១២ប្រទេសលើពិភពលោក៕