(បរទេស)៖ ខ្សែការពារ Rico Lewis របស់ក្លិបមេឃខៀវ Manchester City ត្រូវបានដកបញ្ឈរជើង ២ប្រកួតបន្ថែមទៀត បន្ទាប់ពីទទួលបានកាតក្រហមនៅថ្ងៃប្រកួតបើកឆាកទល់នឹង Wydad Casablanca នៃកម្មវិធី FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែការពារស្លាបឆ្វេងរូបនេះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមភ្លាមៗ នៅពេលបង្កកំហុស តាមរយៈទាក់ជើងគូបក្ខដិបក្ខ Samuel Obeg ឱ្យដួលនៅនាទីចុងម៉ោង នៃការប្រកួតដែលក្រុមការពារតំណែងជើងឯក Man City យកឈ្នះក្រុមមកពីប្រទេសម៉ារ៉ុក Wydad ២ទល់នឹង០ កាលពីថ្ងៃពុធសប្តាហ៍មុន។

ខ្សែការពារអន្តរជាតិអង់គ្លេស វ័យទើបតែ ២០ឆ្នាំរូបនេះបានខកខាន ១ប្រកួតរួចហើយ ក្នុងប្រកួតដែល City បំបាក់ Al-Ain ៦ទល់នឹង០ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលគណៈកម្មាធិការវិន័យ FIFA មើលឃើញពីកំហុសធ្ងន់ធ្ងរ ដោយសម្រេចពិន័យថែម ២ប្រកួតទៀត។

City ក៏បានធ្វើការប្តឹងជំទាស់ ប៉ុន្តែត្រូវបានបរាជ័យ ដែលមានន័យថា កីឡាករដែលត្រូវបានជ្រើសរើសចេញពីយុវជនថ្នាលរូបនេះ នឹងបន្តអវត្តមានពេលប៉ះ Juventus និងប្រកួតវគ្គ ១៦ក្រុមទៀតផង៕