(មេនឆេស្ទើ)៖ បិសាចក្រហម Manchester United បានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ ៦០លានផោន ដើម្បីចរចាទិញខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Bryan Mbeumo ពីក្លិបរួមលីគ Brentford។

ប្រសិនបើជោគជ័យមែន នោះកីឡាករវ័យ ២៥ឆ្នាំខាងលើនេះ នឹងក្លាយជាសមាជិកថ្មីទី២ របស់បិសាចក្រហម ក្រោយការមកដល់របស់ខ្សែប្រយុទ្ធដូចគ្នា Matheus Cunha ក្នុងតម្លៃ ៦២.៥លានផោនពីក្លិប Wolves។

ក្នុងខែនេះ Man Utd បានតថ្លៃ Mbeumo ក្នុងតម្លៃប្រមាណ ៤៥លានផោន អមដោយប្រាក់បន្ថែម ១០លានផោនផ្សេងទៀតដែរ ប៉ុន្តែត្រូវបានក្លិបឃ្មុំបដិសេធ មុនបង្កើនដល់ ៦០លានផោន ដើម្បីចរចាបន្តស្ថិតក្នុងសប្តាហ៍នេះ។

បច្ចុប្បន្ន គ្រូបង្វឹក Ruben Amorim បានកំពុងព្យាយាមពង្រឹងនៅតំបន់ប្រយុទ្ធឱ្យខ្លាំងជាងមុន មុនពេលត្រឡប់មកអង់គ្លេសវិញនាថ្ងៃទី០៧ ខែកក្កដា ដើម្បីត្រៀមលេងបើករដូវកាលថ្មីឆ្នាំ២០២៥-២៦។

Mbeumo រកបាន ២០គ្រាប់ ក្នុងរដូវកាលដ៏ល្អបំផុតរបស់គេជាមួយ Brentford រដូវកាលមុន និងរួមចំណែកបញ្ជូនបាន ៩គ្រាប់ទៀតផង ដែលរូបគេក៏ស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកចាស់ លោក Thomas Frank ដែលបានលាឈប់ពី Brentford ទៅដឹកនាំ Spurs បន្តទៀតដែរ៕