(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង៩% នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានដំណើរការសេវារថយន្តគ្មានមនុស្សបើក Robotaxi ដំបូងរបស់ខ្លួននៅក្នុងទីក្រុង Austin រដ្ឋ Texas។ ការសាកល្បងនេះបានប្រើរថយន្ត Model Y ចំនួនប្រហែល១០ទៅ២០គ្រឿង នៅក្នុងតំបន់មានការកំណត់ផ្លូវច្បាស់លាស់។ តម្លៃក្នុងការធ្វើដំណើរគឺ ៤.២០ដុល្លារ ហើយមានបុគ្គលិកសុវត្ថិភាពនៅកៅអីខាងមុខជាមួយអ្នកដំណើរដើម្បីត្រួតពិនិត្យសកម្មភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

បន្ទាប់ពីដំណើរការក្នុងរដ្ឋ Texas អ្នកប្រើប្រាស់ និងអ្នកវិភាគបានលើកឡើងថា រថយន្តតាក់ស៉ីគ្មានមនុស្សបើកនេះ គឺ «លឿន ស្រួល និងមានសុវត្ថិភាព» ទោះបីជាមានវីដេអូខ្លះបង្ហាញពីបញ្ហាបន្តិចបន្តួច ដូចជា ការច្រឡំចូលផ្លូវ ឬផ្លាស់ល្បឿនលឿនជាងកំណត់ក៏ដោយ។ ទន្ទឹមនឹងនេះ ៨៥% ដល់ ៩០% នៃអ្នកសាកល្បងបាននិយាយថាតាមបទពិសោធន៍របស់ពួកគេ គឺស្ទើរតែមិនអាចប្រៀបធៀបបានជាមួយការជិះរថយន្តមានមនុស្សបើក ពោល Robotaxi នេះ គឺស្ដង់ដារ។ ទន្ទឹមគ្នានឹងជោគជ័យនេះ ភាគហ៊ុនរបស់ Tesla បានឡើងចន្លោះ ៨% ដល់ ១០% នៅថ្ងៃទី២៣ មិថុនានេះ។

គួរជម្រាបថា ជុំវិញរថយន្តតាក់ស៉ីគ្មានមនុស្សបើកខាងលើនេះ អាជ្ញាធរសុវត្ថិភាពផ្លូវជាតិរបស់អាមេរិក (NHTSA) កំពុងពិនិត្យទិន្នន័យសុវត្ថិភាពដែល Tesla ផ្តល់ឱ្យ ស្របពេលដែលចំណុចខ្លះៗនៃកម្មវិធី Full Self-Driving កន្លងមកក៏ត្រូវបានបញ្ជាក់ថាជាករណីជួបបញ្ហា។ ចាប់ពីខែកញ្ញាខាងមុខ រដ្ឋ Texas នឹងទាមទារឲ្យមានការយកអាជ្ញាប័ណ្ណពិសេសសម្រាប់រថយន្តដំណើរការដោយខ្លួនឯង។ នេះជាផ្នែកមួយនៃបទបញ្ញត្តិថ្មីៗដែល Tesla ត្រូវអនុវត្តតាម៕