(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ក្រុមជម្រើសកោះហ្គាំ នាវេលាម៉ោង ៧យប់ថ្ងៃទី២៥ ខែមិថុនាស្អែកនេះ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) គ្រាដែលគ្រូបង្វឹកក្រុមទាំងពីរ បានចាត់ទុកការប្រកួតនេះ គឺជាការត្រៀមខ្លួនដ៏ល្អ សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women's Asian Cup Australia 2026 នាចុងខែនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតមិត្តភាពខាងលើ លោក Conor Nestor គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា បានសម្ដែងក្ដីរីករាយ ដែលបានធ្វើការជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ក៏ដូចជាក្រុមការងារគ្រូ ហើយលោកក៏កំពុងទន្ទឹងរង់ចាំការប្រកួតនេះផងដែរ។ លោកសង្ឃឹមថា ការប្រកួតមិត្តភាពនេះ នឹងមានអ្នកគាំទ្រចូលរួមទស្សនាច្រើន ដើម្បីលើកទឺកចិត្តដល់ក្រុមជម្រើសជាតិនារីរបស់ខ្លួន ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូងនៅកម្ពុជា។

លោកបន្ដថា ការប្រកួតមិត្តភាពនេះ ពិតជាសំខាន់ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការលេងជាមួយកោះហ្គាំ ដែលជាក្រុមទើបលេងជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌី ដ្បិតអារ៉ាប់ប៊ីសាអូឌីត ក៏ជាបេក្ខភាពស្ថិតក្នុងពូលG ជាមួយកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 នាពេលខាងមុខដែរ ។ ដូច្នេះលោកនឹងព្យាយាមរៀបចំ និងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុតក្នុងការប្រកួតនេះ ដើម្បីត្រៀមការប្រកួតផ្លូវការនាពេលខាងមុខ។

ជាមួយគ្នាអ្នកស្រី Kimberly Sherman គ្រូបង្វឹកក្រុមបាល់ទាត់នារីកោះហ្គាំ បានសម្ដែងក្ដីរីករាយ ដែលបានធ្វើដំណើរមកកម្ពុជា និងធ្វើការប្រកួតមិត្តភាពនៅទីនេះ។ អ្នកស្រីមើលឃើញ វិស័យបាល់ទាត់នារីនៅកម្ពុជា និងហ្គាំ មានស្ថានភាពស្រដៀងគ្នា ។ ហេតុនេះ លោកស្រីពិតជារីករាយក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្រុមត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ី នាពេលដំណាលគ្នានឹងក្រុមជម្រើសជាតិនារីកម្ពុជាដែរ។

គួរដឹងថា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលG ជាមួយហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត។ រីឯកោះហ្គាំ ស្ថិតក្នុងពូលE ជាមួយក្រុមម៉ាឌីវ, អារ៉ាប់រួម និងវៀតណាម ។ សម្រាប់ការប្រកួតជម្រុះពានកម្រិតទ្វីបនេះ នឹងធ្វើឡើងពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕