(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់ផ្ដើម​ដាក់​ឱ្យ​ដំណើរការ​សេវា​ទិន្នន័យ​តាម​បណ្តាញ​ផ្កាយរណប​ទៅ​ទូរសព្ទ​ដៃ (satellite-to-cell network) ដែល​ដំណើរការ​ដោយ Starlink របស់ក្រុម​ហ៊ុន SpaceX នៅ​ដើម​ខែ​តុលា។ ការ​ប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​អតិថិជន​ជាង ១,៨ លាន​នាក់​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​សាកល្បង​នេះ​តាំងពី​ចុង​ឆ្នាំ ២០២៤ រួម​ទាំង​អតិថិជន​រាប់​សែន​នាក់​មកពី AT&T និង Verizon ផង​ដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

សេវាកម្មនេះ ត្រូវបានគេស្គាល់ថាជា T-Mobile Starlink ឬ T-Satellite មានគោលបំណងលុបបំបាត់តំបន់ «គ្មានរបារ» (មានន័យថា គ្មានការរឹតបន្តឹង ឬរារាំង) ដោយអនុញ្ញាតឱ្យទូរស័ព្ទនោះភ្ជាប់ទៅផ្កាយរណប Starlink ស្វ័យប្រវត្តិនៅពេលដែលពួកគេបាត់បង់ការតភ្ជាប់អ៊ីនធឺណិត។ ពោលគឺវា នឹងប្រែក្លាយពីទូរស័ព្ទធម្មតា ទៅជាទូរស័ព្ទផ្កាយរណប​ ខណៈមិនចាំបាច់ត្រូវការ hardware បន្ថែម។

សេវា T-Satellite នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដាខាងមុខនេះ សម្រាប់​ការ​ផ្ញើ​សារ SMS, MMS, រូបភាព និង​សំឡេង​ខ្លីៗ។ ចំណែក​ឯ​សេវា​ទិន្នន័យ​សម្រាប់​កម្មវិធី​នានា​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី ១ ខែ​តុលា។ ជាមួយនឹង​ផ្កាយរណប Starlink ជាង ៦៥៧ គ្រឿង T-Mobile មាន​បំណង​លុបបំបាត់​តំបន់​អត់​សេវា និង​ពង្រីក​ការ​តភ្ជាប់​ទៅ​កាន់​តំបន់​ដែល​អង់តែនទូរសព្ទ​ធម្មតា​មិន​អាច​ទៅ​ដល់​នៅ​សហរដ្ឋអាមេរិក។

យោងតាមលោក Mike Katz ប្រធាន​ផ្នែក​ទីផ្សារ​របស់ T-Mobile បាន​បញ្ជាក់​ថា ការ​ចុះឈ្មោះ​ប្រើប្រាស់​ភាគច្រើន​បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្សាយពាណិជ្ជកម្ម​ក្នុង​ព្រឹត្តិការណ៍ Super Bowl ហើយ​ការ​ប្រើប្រាស់​សេវា​សាកល្បង​នេះ​មាន​តុល្យភាព​ល្អ​ទាំង​នៅ​ទីក្រុង​ធំៗ និង​តំបន់​ជនបទ។

គួរជម្រាបថា សេវា T-Satellite នឹង​ត្រូវ​បាន​បញ្ចូល​ដោយឥតគិតថ្លៃ​បន្ថែម​ក្នុង​គម្រោង «Experience Beyond» ថ្មី​របស់ T-Mobile រីឯ​​អតិថិជន​ផ្សេងទៀត​ដូចជា AT&T និង Verizon គឺ​អាច​ប្រើប្រាស់​បាន​ក្នុង​តម្លៃ ១០ ដុល្លារ​ក្នុង​មួយ​ខែ។ T-Mobile រំពឹង​ថា​នឹង​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​អាច​ប្រើប្រាស់​តាម​ផ្កាយរណប​បាន​នា​ពេល​អនាគត រួមមាន AccuWeather, AllTrails, Apple, Google, WhatsApp និង X ជាដើម៕