(បរទេស)៖ ខ្សែប្រយុទ្ធ Neymar បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៦ខែទៀត ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លិប Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ៣៣ឆ្នាំ អតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីលរូបនេះ បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លិបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ចេញទៅលេងនៅដែនដីអឺរ៉ុប ក្នុងក្លិប FC Barcelona របស់ប្រទេសអេស្ប៉ាញ។

កិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងស៊ុត Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal រួចមក។

គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ផងដែរ ពីការចូលលេងសរុប ២៤៣ប្រកួតសម្រាប់ Santos ដោយរូបលោកបានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំបានធ្វើការសម្រេច ដោយស្តាប់តាមបេះដូងរបស់ខ្ញុំផងដែរ»