(ប៉ារីស)៖ ខ្សែបម្រើ Paul Pogba នឹងបំពេញការផ្ទេរ ១០០% ទៅកាន់ក្លិប AS Monaco របស់បារាំងជាផ្លូវការត្រឹមសប្តាហ៍នេះ ក្រោយរួចផុតបម្រាមដកបញ្ឈរជើង ករណីពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង នាអំឡុងប្រកួតបើកឆាកដើមរដូវកាលឆ្នាំ២០២៣-២៤។

ពីគេហទំព័រកីឡា BBC ធ្លាប់បានចេញផ្សាយម្តងរួចមកហើយកាលពីដើមខែនេះថា ខ្សែបម្រើអន្តរជាតិបារាំង Pogba បានឈានដល់ការចរចាចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិបស្ថិតនៅ Ligue 1 មួយនេះ ដោយរង់ចាំពិនិត្យសុខភាពរួចរាល់ មុនពេលចុះកិច្ចសន្យាផ្លូវការតែប៉ុណ្ណោះ។

Pogba បានរួចផុតពីបម្រាមដកបញ្ឈរជើងតាំងពីខែមីនា ឆ្នាំ២០២៥ និងទំនេរពីការលេងបាល់ផងដែរ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាជាមួយក្លិបយក្សអ៉ីតាលី Juventus។

អតីតតារា World Cup 2018 ជាមួយក្រុមមាន់គកបារាំងរូបនេះ ត្រូវបានរងពិន័យ ៤ឆ្នាំ និងក្រោយមកកាត់មកនៅត្រឹម ១៨ខែវិញនាអំឡុងខែតុលា ឆ្នាំ២០២៤ ក្រោយពេលប្តឹងជំទាស់ទទួលបានជោគជ័យ៕