(បរទេស)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន Uber និង Waymo បានចាប់ផ្តើមដំណើរការសេវាកម្មតាក់ស៉ីដឹកអ្នកដំណើរគ្មានមនុស្សបើក (Robotaxi) នៅក្នុងទីក្រុង Atlanta ដោយប្រើរថយន្តអគ្គិសនី Jaguar I-PACE ដែលបើកបច្ចេកវិទ្យាស្វ័យប្រវត្តិរបស់ Waymo។ សេវាកម្មនេះដំណើរការក្នុងតំបន់ទំហំ ៦៥ម៉ាយការេ ដែលរួមបញ្ចូលទាំងតំបន់ Downtown, Buckhead និង Capitol View។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

អ្នកប្រើប្រាស់ គឺអាចកក់តាក់ស៊ីគ្មានមនុស្សបើកនេះតាមកម្មវិធី Uber ប៉ុណ្ណោះ ដោយសារតែកម្មវិធីរបស់ Waymo មិនមានដំណើរការនៅទីក្រុងនេះឡើយ។ សម្រាប់តម្លៃនៃការជិះសេវា គឺដូចគ្នានឹង UberX ឬ Comfort ពោលគឺគ្មានបង់ថ្លៃបន្ថែមឡើយ។ អ្នកប្រើប្រាស់ គឺត្រូវបើកជម្រើស «Ride Preferences» ក្នុងកម្មវិធី Uber ដើម្បីជ្រើសយករថយន្តស្វ័យប្រវត្តិ ឬតាក់ស៉ីគ្មានមនុស្សបើក ប៉ុន្តែបើមិនចង់ប្រើ Waymo អ្នកប្រើប្រាស់អាចជ្រើសរើសយានយន្តបើកដោយមនុស្សដូចធម្មតា។ Fleet ដំបូងនឹងមានរថយន្តជាច្រើនដើម្បីបម្រើសេវាកម្ម ហើយមានគម្រោងពង្រីកជាច្រើនរថយន្តរហូតដល់ជាច្រើនរយគ្រឿង ដូចគ្នានឹងការដំណើរការនៅទីក្រុង Austin។

គួរជម្រាបថា Waymo មានបទពិសោធន៍ជាច្រើនក្នុងការបើកបរដោយប្រើបច្ចេកវិទ្យាចាប់សញ្ញា lidar និងផែនទីលម្អិត។ តាមរបាយការណ៍បច្ចេកទេស Waymo មានអត្រាធ្វើឲ្យគ្រោះថ្នាក់ តិចជាងរថយន្តដែលបើកដោយមនុស្ស។ ងាកមក Uber វិញ ត្រូវបានគេដឹងថា បានបិទផ្នែកអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិរបស់ខ្លួនក្រោយពីករណីគ្រោះថ្នាក់មួយក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ឈានមុខមួយចំនួនជាស្រេច។ ការចាប់ផ្តើមនេះក៏បានធ្វើឲ្យតម្លៃភាគហ៊ុន Uber កើនឡើងប្រហែល ៨% ក្នុងថ្ងៃដំណើរការនេះផងដែរ៕